នៅទូទាំងប្រទេស ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា បានជាង ៨៩ភាគរយ នៃផែនការប្រចាំឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨​ — នៅទូទាំងប្រទេស ការងារបង្កបង្កើនផលដំណាំស្រូវរដូវ​វស្សា​​បានចំនួន ២.២៥២.៧៣៤ហិកតា បានជាង៨៩ភាគរយ នៃផែនការប្រចាំឆ្នាំ ចំនួន២.៥១៣.៨៩៥ហិកតា កើនលើស ឆ្នាំមុនចំនួន ១០១.៦៨៥ហិកតា បើធៀបក្នុងរយៈពេល ដូចគ្នា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញឱ្យដឹងទៀតថា ក្រៅពីការងារបង្កបង្កើនផលដំណាំស្រូវប្រជាកសិករនៅទូទាំងប្រទេសនូវបានដាំដុះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០១៨ បានចំនួន ៤២៩៨០ហិកតា ស្មើនឹងជាង ៨៨ភាគរយ នៃផែនការ ៤៨៧៣១ហិកតា លើសឆ្នាំមុនចំនួន ១៤៩៤ហិកតា។

ក្នុងរបាយការណ៍បានបង្ហាញទៀតថា លទ្ធផលល្អដែលទទួលបាននេះអាស្រ័យ ដោយការខិតខំដាំដុះដំណាំស្រូវវស្សាយ៉ាងសស្រាក់ សស្រាំរបស់ប្រជាកសិករ រួមផ្សំនឹងការខិតខំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់គិតគូរទៅលើយន្តការ និងបទដ្ឋានបច្ចេកទេស គន្លឹះសំខាន់ៗតាមការចាំបាច់ និងសហការចុះអន្តរាគមន៍ទាន់ពេលវេលា ក្នុងការតាមដាន វាយតម្លៃអំពីផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ការរាតត្បាតដោយសត្វល្អិតចង្រៃ ការកើតជំងឺផ្សេងៗលើដំណាំកសិកម្ម ជំងឺឆ្លងសត្វ និងការត្រៀមលក្ខណៈនៅពេលកសិករ ទទួលរងនូវផលប៉ះពាល់ផ្សេងៗជាយថាហេតុ ក៏ដូចជាការណែនាំឱ្យចេះរក្សាទឹកទុកករណី មានភាពរាំងស្ងួត ព្រមទាំងផ្សព្វផ្សាយអំពីការចូលរួមទប់ស្កាត់ភ្លើងឆេះស្រូវ និងឆេះព្រៃដោយប្រការណាមួយផងដែរ៕

ដោយ ប៉ាល់ សុង