កីឡាការិនីកម្ពុជា ចាន់ ចេសា ក្តោបក្តាប់មេដាយប្រាក់លើប្រភេទកីឡាជឺជីតស៊ូ នៃកីឡាអាស៊ី នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក កំពុងក្តោបក្តាប់មេដាយប្រាក់ក្នុងដៃហើយ នៅក្នុងប្រភេទ​កីឡាជឺជីតស៊ូ បន្ទាប់ពីបានយកឈ្នះ៤ប្រកួតជាប់ៗគ្នា ហើយត្រូវឡើងទៅ ប្រកួតនៅវគ្គ ផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ជាមួយកីឡាការិនីអារ៉ាប់រួម នៅល្ងាចថ្ងៃទី២៤ ខែសីហានេះ នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ ដែលកំពុងដំណើរការយ៉ាងសកម្មនៅ ប្រទេសឥណ្ឌូណេស៊ី។


នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ពីកន្លែងប្រកួតមកថា កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ធ្វើបានយ៉ាងល្អដែលបានយកឈ្នះ៤ប្រកួតនៅវគ្គ ជម្រុះជាបន្តបន្ទាប់ ដោយឈ្នះកីឡាការិនីថៃ, ឈ្នះចិន ដោយសារការដកខ្លួនពីការប្រកួត, ឈ្នះអ៊ីរ៉ង់ និងឈ្នះហ្វីលីពីន នៅប្រកួតចុងក្រោយនៃវគ្គជម្រុះ នៅក្នុងលទ្ធផលពិន្ទុ ១០០​ទល់០ ដូចៗគ្នា។ ឯកឧត្តមបានបន្ដថា ដូច្នេះ ខាន់ ចេសា កំពុងមានមេដាយប្រាក់ជា លើក ដំបូងជូនជាតិកម្ពុជា ហើយប្រសិនបើឈ្នះកីឡាការិនីអារ៉ាប់រួមទៀត នឹងឈ្នះមេដាយមាសតែ ម្តង។ កីឡា ការិនី ខាន់ ចេសា មានអាយុ១៦ឆ្នាំ ប្រកួតក្នុងទម្ងន់ ៤៩Kg ជាកូនខ្មែរ-អាម៉េរិក មានឪពុកខ្មែរ និងម្តាយម៉ិចស៊ិក សញ្ជាតិអាម៉េរិកមានប្អូនប្រុស២នាក់ និងប្អូនស្រីម្នាក់ (អាយុទើប៥ឆ្នាំ) រស់នៅរដ្ឋកាលីហ្វ័រញ៉ា។

សូមបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូនេះដែរ គឺកីឡាករកូនកាត់កម្ពុជា-បារំាង ខូវ វិវឌ្ឍថានា ដែលលេងបាន២ប្រកួត លើវិញ្ញាសាទម្ងន់៦៩គីឡូក្រាមបានយកឈ្នះកីឡាករ អារ៉ាប់រួម Alkaabi Humaid ដោយ ពិន្ទុ ១០០ទល់នឹង០ ប៉ុន្តែប្រកួតចាញ់កីឡាករ តួកម៉េនីស្ថាន។ ចំណែកឯប្រភេទកីឡាម៉ូតូទឹករបស់កម្ពុជា ដែលមានកីឡាករ២នាក់នោះបាន បញ្ចប់នៅក្នុងជុំទី២ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២ លើកំពូលតារាង ក្នុងចំណោមកីឡាករចូលរួមទាំងអស់។ កីឡាម៉ូតូទឹកនេះ នឹងត្រូវបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ ទី២៥ ខែសីហា ស្អែកនេះ ហើយកម្ពុជារំពឹងខ្ពស់ក្នុងការឈ្នះមេដាយផងដែរ៕

 

ដោយ ហេង ណាលីន