អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរ

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមដាំកូនឈើ ក្នុងព្រៃឧទ្យានអង្គរឡើងវិញ ដែលការអំពាវនាវនេះបានធ្វើឡើងនៅក្នុងពិធីដាំកូនឈើចម្រុះ ចំនួន១០០០ដើម នៅប្រាសាទបន្ទាយក្តី កាលពីថ្ងៃ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព .​ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយដែលការដាំកូនឈើទ្រង់ទ្រាយ ធំបែបនេះ គឺជាផ្នែកមួយនៃកិច្ចការប្រចាំថ្ងៃរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌និងបរិស្ថាន ដែលបានចាត់ទុកការងារស្ដារគម្របព្រៃឈើក្នុងរមណីយដ្ឋាន អង្គរឡើងវិញ ក៏ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងៗក្នុងកិច្ចការ អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំកម្មវិធីដាំកូនឈើ ដោយមានការចូលរួមរបស់បុគ្គលិកអាជ្ញាធរជាតិអប្សរា នគរបាលបេតិកភណ្ឌ និងមន្រ្តីឧទ្យានុ រក្សនោះ បានមានប្រសាសន៍ឱ្យដឹងថា ការដាំកូនឈើឡើងវិញនេះមាន សារៈសំខាន់ណាស់ ព្រោះដីក្នុងរមណីយដ្ឋានអង្គរភាគច្រើនជាដីខ្សាច់ ហើយគ្រឹះប្រាសាទក៏ត្រូវការ សំណើមទឹកក្រោមដី ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទ។ ក្រៅពីនេះ ព្រៃឈើបានបង្កើត ទេសភាពវប្បធម៌នៅក្នុងតំបន់អង្គរឱ្យកាន់តែទាក់ទាញ ហើយភ្ញៀវទេសចរជាច្រើនមាន សេចក្តីពេញចិត្តចំពោះទេសភាពបៃតងដ៏ស្រស់ត្រកាលនេះ។ នៅពេលបច្ចុប្បន្ននេះដែរ មានភ្ញៀវទេសចរមួយចំនួនចាប់អារម្មណ៍ក្នុងការជិះកង់ក្នុងព្រៃអង្គរ ដែលនេះជាចំណែកមួយ សំខាន់សម្រាប់វិស័យទេសចរណ៍។

ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានឱកាសក្នុងការចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរ ក៏ដូចជាការលើកទឹកចិត្តក្នុងការ ថែរក្សាព្រៃឈើនោះ ជាគោលការណ៍អាជ្ញាធរជាតិអប្សរា ចង់បានឱ្យមានការចូលរួមពីគ្រប់ មជ្ឈដ្ឋានដើម្បីចូលរួមស្តារគម្របព្រៃឈើឡើងវិញ ហើយជាពិសេសក្នុងតំបន់រមណីយដ្ឋាន អង្គរ ព្រោះថានេះពុំមែនជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរាទេ តែជាការចូលរួម ទទួលខុសត្រូវទាំងអស់គ្នានៃប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តម សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទាំងនៅក្នុង ឬនៅក្រៅខេត្តសៀមរាប អាចស្នើសុំពូជឈើ ឬកូនឈើពីអាជ្ញាធរជាតិអប្សរាទៅដាំនៅផ្ទះ ភូមិ ស្ថាប័នឬក្រុមហ៊ុន របស់ពួកគាត់បាន។ លើសពីនេះទៀត ពួកគាត់ក៏អាចដាំកូនឈើក្នុងព្រៃនៃឧទ្យាន អង្គរបានផងដែរ ដោយគ្រាន់តែពួកគាត់ទាក់ទងមកមន្រ្តីជំនាញព្រៃឈើ ដើម្បីរៀបចំទី តាំងដែលត្រូវដាំប៉ុណ្ណោះ៕

ដោយ ហង្ស សៀក