គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំរុញឲ្យអាជ្ញាធរខេត្តព្រៃវែងបង្កើនការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះដោយសាទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជួន បូណា

ព្រៃវែង៖អនុរប្រធានប្រចាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំរុញឲ្យអាជ្ញាធរខេត្តព្រៃវែងបង្កើនការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះទឹកជំនន់ និងគ្រោះ ធម្មជាតិផ្សេងៗឲ្យទាន់ពេលវេលាដើម្បីបញ្ជាសបាននូវគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយរយៈ៧ខែឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៤ សីហានេះ នៅសាលាខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែងត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយពីធម្មជាតិហើយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុននូវគ្រោះទឹកជំនន់ បញ្ហាសុខភាព ជាដើម។
ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញចាត់វិធានការជួយប្រជាពលរដ្ឋទាន់ពេល។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង មានប្រសាសន៍ថា គ្រោះទឹកជំនន់រយៈពេលប៉ុន្មានខែនេះ បានបណ្តាលឲ្យផលប៉ះពាល់ក្រុង-ស្រុកចំនួន ១១ និងមាន ១៣ឃុំ-សង្កាត់នៃខេត្តព្រៃវែង ហើយប្រជាពលរដ្ឋចំនួនជិត៣ម៉ឺនគ្រួសាររង់ផលប៉ះពាល់ ក្នុងនោះមានប្រជាពលរដ្ឋចំនួន៦នាក់បានលង់ទឹកស្លាប់។ ក្រៅពីនេះទឹកជំនន់ក៏បានធ្វើឲ្យលិចដំណាំស្រូវ ដំណាំរួមផ្សំ មណ្ឌលសុខភាព ផ្លូវលំ អណ្តូងទឹក បាក់ទំនប់ប្រឡាយជាដើម។
លោកបន្ដថា ស្របពេលដែលស្រុកមួយចំនួននៃខេត្តព្រៃវែងកំពុងគ្រោះដោយទឹកជំនន់ ក៏មមានឃុំមួយចំនួនកុំពុងជួបបញ្ហាគ្រោះរាំងស្ងួតផងដែរ៕