ក្រសួងទេសចរណ៍ចាត់ទុកទីវត្តអារាមជាគោលដៅទេសចរណ៍បែបវប្បធម៌ប្រវត្តិ​​សាស្រ្ត​ដ៏​​​ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖  ក្រសួងទេសចរណ៍ចាត់ទុកទីវត្តអារាមគឺជាគោលដៅទេសចរបែបវប្បធម៌ និង​​ប្រវត្តិសា​ស្រ្ត ដ៏សំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម​​ពីលើ​​តំបន់ទេសចរដែលមានស្រាប់។

ឯកឧត្តម ទិត ចន្ថារដ្ឋលេខាធិការទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីទទួល​ស្គាល់​​​​វត្តថាជាវត្តទេសចរណ៍បានគឺជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិ​​អស្ចារ្យ វត្ត​​​​ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិ​​នាមល្បីល្បាញ ។

ប្រាប់អ្នកសាព័ត៌មាននៅថ្ងៃទី២៣ខែសីហានេះ ឯកឧត្តមបន្តថា មន្ត្រីជំនាញកំពុងរៀបចំគោលការណ៍​​​​ណែនាំ​​រួមមួយ ស្តីពីការដាក់ ទីវត្តអារាមជាគោលដៅទេសចរណ៍មុននឹងដាក់ចេញ​​នូវសេច​​ក្ដី​ប្រកាសអន្តរក្រសួងដែល​គ្រោងនឹងអនុវត្តន៍​​ជាផ្លូវ​​ការនៅចុងឆ្នាំ២០១៨ ឬអាចនៅ​​ដើម​ឆ្នាំ២​០១៩ខាងមុខ។

ឯកឧត្តមបន្តថា ព្រះសង្ឃ ឬអាចារ្យវត្ត ក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បី​​បង្ហាញ​​​​​ពី​​ប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ។ ប៉ុន្តែក៏ត្រូវអនុវត្ត​ឱ្យស្រប​​តាម​​គោល​ការណ៍ណែនាំរបស់អន្តរក្រសួងផងដែរ ។

ព្រះតេជគុណពុំ សុទ្ធា គង់នៅវត្តបុទុមតី រាជធានីភ្នំពេញនិងជាសាស្រ្តាចារ្យ នៃពុទ្ធិកសាក​លវិទ្យាល័យព្រះ​​សីហនុរាជបានគាំទ្រចំពោះផែនកាជំរុញទីវត្តអា​​រាមឲ្យក្លាយគឺជាគោល​​ដៅ​​ទេសច​​រ​ណ៍នេះ។

ព្រះតេជគុណបញ្ជាក់ថា ទីវត្ត​​អារាម​​ជាបណ្តុំ​​វប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្ត សាសនា បរិស្ថានធម្មជាតិ ដែលគួជាទី​​ស្វែង​​យល់ពី​​សំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ណ៍អន្តរជាតិ។សំភាសន៍៖ បើភ្ញៀវទេសចរណ៍ចង់ដឹងពីជម្រៅវប្បធម៌ប្រពៃណីខ្មែរពិតណាស់គេត្រូវធ្វើ​ដំណើ​​រ​​មក​​កាន់វត្តអារាម”

ព្រះតេជគុណពុំ សុទ្ធាបន្តថា ថ្នាក់ដឹកនាំមន្ត្រីសង្ឃវត្តទាំងអស់ត្រូវស្គាល់ពីប្រវត្តសាស្រ្តទីវត្តអារាមរបស់ខ្លួននីមួយៗ ប្រពៃណីវប្បធម៌ខ្មែរ តួនាទីរបស់ព្រះសង្ឃ និងភាសារបរទេសដើម្បីងាយស្រួលពន្យល់ដល់ភ្ញៀវទសចរឲ្យងាយយល់ ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០១៨នេះ នៅទូទាំងប្រទេស​​កម្ពុជា​​មានវត្ត​​ប្រមាណ​​ជិត​       ៥ពាន់វត្ត ​ខណៈបច្ចុប្បន្ននេះ ទីវត្តអារាមកំពុងក្លាយជាគោលដៅ​​ទេសចរណ៍បែបសាសានា វប្បធម៌ និងបរិស្ថានធម្មជាតិ បន្ថែមលើគោលដៅទេសចរធំៗដូចជាប្រាសាទអង្គវត្ត តំបន់ឆ្នេសមុទ្រ និងកន្លែងទេសចរកែឆ្នៃជាច្រើនផងដែរ៕