ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសពីការអភិវឌ្ឍ កន្លែងពិធីបុណ្យនៅម៉ិចកា នៅពេលបញ្ចប់រដូវកាលហាជ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — ទូរទស្សន៍ Al Akhbariya ក្នុងស្រុករាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នៅឯការបញ្ចប់រដូវបុណ្យហាជ នូវគម្រោងដ៏ទូលំទូលាយមួយ ដើម្បីអភិវឌ្ឍន៍កន្លែងធ្វើពិធីបុណ្យនេះក្នុងទីក្រុងម៉ិចកា ។
ភិបាលក្រុងម៉ិចកា ព្រះអង្គម្ចាស់ ខាលីដ អាល់ ហ្វៃសាល់ ( Khalid Al Faisal បានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងសន្និសីទកាសែតមួយ ដែលបានប្រកាសពីការបញ្ចប់រដូវបុណ្យហាជបច្ចុប្បន្ន ។

ព្រះអង្គម្ចាស់មានបន្ទូលថា ព័ត៌មានលំអិតនៃគម្រោងនេះគេនឹងប្រកាសក្នុងពេលឆាប់ៗនេះ ហើយ ប្រទេសរបស់ទ្រង់មានបំណងបង្កើនចំនួនពួកធម្មយាត្រាទៅដល់ ៥លាននាក់ ជាផ្នែកនៃចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់ខ្លួន ។

អាជ្ញាធរស្ថិតិបានប្រកាសនៅសប្តាហ៍នេះថា ចំនួនពួកធម្មយាត្រាបានឡើងដល់ជាង ២លាននាក់ក្នុងរដូវបុណ្យហាជនេះ។
ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អះអាងពីជោគជ័យនៃផែនការរៀបចំសម្រាប់រដូវកាលនេះដែលគេបានអនុវត្តន៍នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយផ្នែកដែលមានជាប់ពាក់ព័ន្ធទាំងអស់​ ព្រមទាំងការចូលរួមពីបុគ្គលិកជាង ២៥០.០០០ នាក់ ។

ព្រះអង្គម្ចាស់មានបន្ទូលថា ប្រទេសរបស់ព្រះអង្គមិនបានបញ្ឈប់ពលរដ្ឋមកពីប្រទេសណាមួយមិនឱ្យអនុវត្តន៍ពិធីបុណ្យហាជនេះទេ ដោយបង្ហើបឱ្យដឹងថា ប្រជាជនប្រទេសកាតា ខ្លះបានសម្រេចមកកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានបម្រាម ដែលបានដាក់លើពួកគេដោយប្រទេសរបស់ពួកគេក៏ដោយ ហើយប្រជាជនអ៊ីរ៉ង់ ៨៦.០០០ នាក់បានមកធ្វើបុណ្យហាជនៅឆ្នាំនេះ ។

ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ចំណងទាក់ទងជាមួយប្រទេសទាំងពីរនេះលើការចោទប្រកាន់ពីបទគាំទ្រដល់អំពីភេរវកម្មនឹងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនានា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )