ទីក្រុង Can Tho មានគោលបំណងលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាមួយជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — ទីក្រុងនៃតំបន់ដីសណ្តទន្លេមេគង្គ Can Tho នឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន និងកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្ម និងវប្បធម៌វៀតណាម – ជប៉ុនលើកទី ៤ ចាប់ពីថ្ងៃទី ២ ដល់ទី ៤ វិច្ឆិកា ខាងមុខនេះ។
លោក Vo Thanh Thong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានជួបប្រជុំជាមួយបណ្តាទីភ្នាក់ងារពាក់ព័ន្ធកាលពីថ្ងៃទី ២៣ ខែសីហា ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍នេះ។

គណៈប្រឹក្សាការរៀបចំបាននិយាយថា ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលនូវសកម្មភាពសំខាន់ៗចំនួន ១៧ រួមមានពិព័រណ៍ការងារជប៉ុន សន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុន ការតាំងពិព័រណ៍រូបថតចលនាសន្តិភាពរបស់ជប៉ុនក្នុងការគាំទ្រវៀតណាម ព្រមទាំងពិធីសម្ភោធគម្រោងនានានៅសួនឧស្សាហកម្មវៀតណាម-ជប៉ុនផងដែរ។

កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីគណៈប្រតិភូពី ៣០០ ទៅ ៥០០នាក់ ដោយក្នុងនោះ ២០០នាក់មកពីសហគ្រាសជប៉ុន ដែលនឹងមកស្វែងរកឱកាសវិនិយោគនៅទីក្រុង Can Tho ។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Truong Quang Hoai Nam បាននិយាយថា ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ទាំងនេះនឹងជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ វិស័យទេសចរណ៍ ក៏ដូចជាបង្កើនការផ្លាស់ប្តូរវប្បធម៌ដែលរួមចំណែកដល់ការរឹតបន្តឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកបានកត់សម្គាល់ថា អាជ្ញាធរទីក្រុងនឹងឆ្លៀតឱកាសនេះដើម្បីធ្វើបច្ចុប្បន្នភាពដល់បណ្តាក្រុមហ៊ុនជប៉ុនអំពីឱកាសនៃការវិនិយោគនៅក្នុងទីក្រុង Can Tho ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនបរទេសជាពិសេសក្រុមហ៊ុនអាជីវកម្មរបស់ជប៉ុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)