បណ្តាស្ថាប័នរដ្ឋាភិបាលវៀតណាមស្វែងរកវិធីសាស្រ្ត ដើម្បីធានាសុវត្ថិភាពអ៊ីនធឺណែត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២៣ ខែសីហា សិក្ខាសាលាមួយបានធ្វើឡើងនៅទីក្រុង Can Tho នៃតំបន់ដីសណ្ដទន្លេមេគង្គ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្រ្តក្នុងការរក្សាសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែតសម្រាប់ស្ថាប័នរដ្ឋាភិបាល។

សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយអាជ្ញាធរសុវត្ថិភាពព័ត៌មាន (AIS) និងមន្ទីរព័ត៌មាន និងគមនាគមន៍ទីក្រុង Can Tho ដើម្បីបង្ហាញអំពីគោលការណ៍ណែនាំដល់បណ្តាភ្នាក់ងាររដ្ឋាភិបាលស្តីពីការវាយតម្លៃកម្រិតនៃសុវត្ថិភាពព័ត៌មាន ការតាមដានការគំរាមកំហែង និងស្វែងរកដំណោះស្រាយដើម្បីលើកកម្ពស់ការការពារមេរោគ និងការពារប្រព័ន្ធទិន្នន័យអេឡិចត្រូនិចរបស់រដ្ឋាភិបាល។

យោងតាមលោក Do Hoang Trung ប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ខេត្ត Can Tho បានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគតាមប្រព័ន្ធអ៊ីនធើណែត ដែលបណ្តាលឱ្យខូចខាតប្រព័ន្ធកុំព្យូទ័រ និងបង្កការបំផ្លិចបំផ្លាញទិន្នន័យនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៨ភាគរយ ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ ២០១៨ នេះ។

ប្រធាន AIS លោក Nguyen Thanh Hai បាននិយាយថា ទីក្រុង និងខេត្តភាគច្រើននៅទូទាំងប្រទេសកំពុងបង្កើតប្រព័ន្ធអេឡិចត្រូនិចដោយផ្អែកលើភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន។ លោកបានកត់សម្គាល់ថា វានាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែនៅពេលនោះផលប៉ះពាល់របស់វាអាចធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធសុវត្ថិភាពអ៊ិនធឺណែតមិនត្រូវបានធានា។

លោក Hai បានព្រមានថា ផលវិបាកនានានឹងបំផ្លិចបំផ្លាញ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួន ឬគណនីធនាគាររបស់អ្នកប្រើប្រាស់ត្រូវបានលួច ឬប្រសិនបើឯកសាររបស់គណៈកម្មាធិការប្រជាជនខេត្តត្រូវបានផ្លាស់ប្តូរ។ ហេតុដូច្នេះ ការអភិវឌ្ឍប្រព័ន្ធអេឡិចត្រូនិចរបស់រដ្ឋាភិបាលគួរតែមានភាពស្របគ្នាជាមួយសកម្មភាពនានា ដើម្បីធានាសន្តិសុខសុវត្ថិភាពប្រព័ន្ធ ដែលមិនត្រឹមតែមានការចាត់ចែងទៅលើអ្នកឯកទេសផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្រ្តី និងបុគ្គលិកនៅតាមបណ្តាស្ថាប័នរដ្ឋផងដែរ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )