អភិបាលខេត្តបាត់ដំបង ចែកកំព្យូទ័រយួរដៃ ៧១គ្រឿងជូនស្ថាប័ននានាជុំវិញខេត្ត

AKP បាត់ដំបង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកកំព្យូទ័រយួរដៃចំនួន ៧១គ្រឿង ដល់គណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង សុខាភិបាលក្នុងខេត្ត នៅក្នុងបរិវេណសាលាខេត្តតបាត់ដំបង។

លោក ងួន យូរ ប្រធានមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនប្រាក់បៀវត្សរ៍ របស់មន្រ្តីរាជការស៊ីវិល។

កំព្យូទ័រដែលត្រូវចែកមាន៖ សម្រាប់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាថ្នាក់ខេត្ត៦គ្រឿង ក្នុងនោះមានអភិបាលខេត្ត ឬតំណាង១គ្រឿង, ប្រធានមន្ទីរមុខងារសាធារណៈ១គ្រឿង, ប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ១គ្រឿង, ប្រធានមន្ទីរអប់រំយុវជន និងកីឡា១គ្រឿង, ប្រធានមន្ទីរសុខាភិបាល ១គ្រឿង, និងប្រធានមន្ទីរបរិស្ថាន ១គ្រឿង។

គណៈកម្មការវាយតម្លៃថ្នាក់ក្រុង-ស្រុកទាំង១៤ ស្ថាប័នគោលដៅ នៃការវាយតម្លៃក្នុងវិស័យអប់រំ នៅតាមវិទ្យាល័យចំនួន ២៦វិទ្យាល័យ ចំនួន ​២៦គ្រឿង និង ចែកជូនស្ថាប័នគោលដៅនៃការវាយតម្លៃ ក្នុងវិស័យសុខាភិបាល (CPA1, CPA2, CPA3) ចំនួន ៦គ្រឿង ព្រមទាំងស្ថាប័ននានាមួយចំនួនទៀត

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ​បានថ្លែងអំណរគុណដល់មន្ទីរមុខងារសាធារណៈដែលបានសហការជាមួយរដ្ឋបាលខេត្តកន្លងមក លើវិស័យការងារផ្សេងៗ ជាក់ស្តែងថ្ងៃនេះ មន្ទីរមុខងារសាធារណៈ បានសហការជាមួយរដ្ឋបាលខេត្តក្នុងការចែកកំព្យូទ័រទាំង ៧១គ្រឿងជូនដល់អង្គភាពគោលដៅសំខាន់ៗដើម្បីសម្រាប់យកទៅបម្រើការងារ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ឱ្យចំគោលដៅ ​និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ដោយ ណយ នឿន