ក្រសួងសាធារណការគ្រោងបញ្ចេញថវិកា៧៥លានដុល្លារអាម៉េរិកដើម្បីកែលម្អផ្លូវជាតិលេខ៤៨ឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ –ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបញ្ចេញថវិកា៧៥លានដុល្លារអាម៉េរិកដើម្បីកែលម្អផ្លូវជាតិលេខ៤៨ឡើងវិញ បន្ទាប់ពីផ្លូវនេះរងការខូចខាតយ៉ាងដំណាំដោយសារទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ថវិកាសរុបប្រមាណ៧៥លានដុល្លារអាម៉េរិកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC)ឆាប់ៗនេះ សំដៅរក្សាគុណភាពបានភាពយូរអង្វែង។  

ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង និង ខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស ដើម្បីរៀបចំដាក់ឱ្យដេញថ្លៃស្របតាមស្តង់ដារបច្ចេកទេស ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ ដែលមានចំនួនប្រមាណ៦៧លានដុល្លារអាម៉េរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ៨លានដុល្លារអាម៉េរិក ដើម្បីលើកកម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់ បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ពីស្រុកស្រែអំបិល ទៅខេត្តកោះកុងមានប្រវែងសរុប ៣៥,៥៤គីឡូម៉ែត្រ ស្មើនឹង២២,២៦ភាគរយ នៃប្រវែងសរុប១៥៩,៦០គីឡូ ម៉ែត្រ ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវ ដែលបានធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។ ការខូចខាតនេះមានការវិវឌ្ឍលឿន ដោយសារតែផ្លូវនេះ មានអាយុកាល១២ឆ្នាំ ហួសរយៈពេលធានាគុណភាព ស្របពេលទំហំចរាចរណ៍មានការកើនឡើង ពិសេសការដឹកជញ្ជូនសម្ភារសំណងទៅមកខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ រក្សាការអត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរ ដោយលំបាក ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ក្នុងពេលគម្រោងជួសជុលមិនទាន់ទៅដល់៕

ដោយងិន សុផល