ក្រុមថៅកែនេសាទសមុទ្រនៅខេត្តពេជ្របូរីប្រទេសថៃបង្ហាញពីកិច្ចគាំពារ និងគោរពសិទ្ធិការងារចំពោះពលករខ្មែរដែរបំរើការងារនៅទីនោះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន ពីប្រទេសថៃ ៖

ក្រុមថៅកែនេសាទសមុទ្រនៅខេត្តពេជ្របូរីប្រទេសថៃបង្ហាញពីកិច្ចគាំពារនិងគោរពសិទ្ធិការងារចំពោះពលករខ្មែរដែលបំរើការងារនៅទីនោះ ដើម្បីបង្ហាញពីការអោយតម្លៃនិងយកចិត្តទុកដាក់ចំពោះប្រជាជនខ្មែរ។

ក្រុមថៅកែនេសាទសមុទ្រនៅខេត្តពេជ្របូរីប្រទេសថៃ បានអោយដឹងថា ពលករខ្មែរដែលបំរើការងារលើទូកនេសាទនៅក្នុងតំបន់នេះ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគោរពសិទ្ធិការងារដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា នៅក្នុងតំបន់សហគមន៍នេសាទលៀមផាត់បៀ ស្ថិតនៅ ក្នុងខេត្តពេជ្របូរី លោកស្រីដារើនី ហ្សើមស៊ី ដែលជាថៅកែនេសាទមានពលករខ្មែរបំរើការងារជាមួយបានអោយដឹងថា ពលករខ្មែរដែលធ្វើការនៅទីនេះបានចាត់ទុកដូចក្រុមគ្រួសារតែមួយ មានការហូបចុកត្រឹមត្រូវ មានពេលឈប់សំរាក់ទៅតាមច្បាប់ និងចេញថ្លៃព្យាបាលជូនពលករខ្មែរនៅពេលឈឺថ្កាត់ផងដែរ។

លោកស្រីបន្ថែមថា ទាំងថៅកែនិងពលករបានចុះទូកនេសាទដូចគ្នាក្នុងរយៈពេលពី១០ថ្ងៃទៅ១៥ថ្ងៃដោយទទួលបានកម្រៃប្រហែលជាង១ម៉ឺន៥ពាន់បាត ទៅតាមភាគរយនៃការរកចំណូលបាន ដែលចំនួននេះគឺលើសពីតម្លៃប្រាក់ឈ្នួលប្រចាំខែ។

អ្នកស្រី ឆាំ ម៉ារិន ជាពលការិនីខ្មែរដែលបំរើការងារតាមផ្ទះ ហើយមានស្វាមីជាកម្មករនេសាទបានអោយដឹងថា អ្នកស្រីនិងស្វាមីបានមកបំពេញការងារនៅទីនេះអស់រយះពេលជាង៦ឆ្នាំហើយ ហើយពុំដែលទទួលរងការធ្វើបាប ឬរំលោភសិទ្ធិពលករឡើយ។ អ្នកស្រីបញ្ជាក់ថា ការមកបំពេញការងារនៅក្រៅប្រទេសដោយភាពស្របច្បាប់ មានឯកសារត្រឹមត្រូវ តាមគោលការណ៍របស់រដ្ឋបាលថៃគឺ ជារឿងសំខាន់បំផុត ដែលធ្វើអោយពលករមានភាពកក់ក្តៅ ហើយថៅកែក៏ពុំហ៊ានរំលោភសិទ្ធិឬធ្វើបាបឡើយ។ អ្នកស្រីបន្ថែមថា ទោះបីការធ្វើចំណាក់ស្រុកបំរើការងារនៅក្រៅប្រទេសទទួលបានប្រាក់បៀវត្សខ្ពស់ក៏ពិតមែន ប៉ុន្តែកូនចៅដែលនៅឯស្រុកកំ ណើតពុំមានភាពកក់ក្តៅក្នុងក្រុមគ្រួសារឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះពលករខ្មែរដែលបំរើការងារនៅក្នុងប្រទេសថៃមានចំនួនជាង១លាន៥សែននាក់ ដែលភាគច្រើនបំរើការងារនៅតាមរោងចក្រ វិស័យកសិកម្ម ទូកនេសាទ និងបំរើការងារតាមផ្ទះ៕