ឯកឧត្ដម ឃួង ស្រេង យកធនាគារអេស៊ីលីដា ធ្វើជាដៃគូសម្រាប់ប្រតិបត្តិការបង់កម្រៃសេវា ធ្វើដំណើរតាមរថយន្តក្រុង និងកាណូត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងបង្កើននូវភាពងាយស្រួលលើការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរផងនោះ ពិសេសការ​បង់​កម្រៃសេវាដឹកជញ្ជូនសាធារណៈ​​​ រថយន្តក្រុង ​និងកាណូត​ ​បានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ក៏ដូចជាជួយសម្រួល​ដល់អតិថិជនក្នុងការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈ ចាប់ដៃគូវិនិយោគ យល់គ្នារវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាទាន់ចិត្ត(QR Code) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាជិះរថយន្ដក្រុង និងកាណូត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដមអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអេស៊ីលីដារ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែសីហា ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រើប្រាស់សេវាអេស៊ីលីដា​ ឃ្យូអរកូដ នេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបាន​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ កាត់បន្ថយការ​ចំណាយ ចំណេញ ពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូល​រួមកាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍។

លោកបន្តទៀតថា រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្ត​ក្រុង​សាធារណៈ​ចំនួន​៨​​ខ្សែ ដែល​មាន​រថយន្ត ១៥៥គ្រឿង កំពុង​ទទួល​បានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​រថយន្ត​ក្រុង​កាន់តែ​​ច្រើន​​ដែល​មាន​ចំនួន​អ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការជ្រើសរើស ធនាគារអេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការក្នុងការ​បង់កម្រៃ​សេវា​ដឹក​ជញ្ជូនសាធារណៈ​​រថយន្ត​ក្រុង ​និងកាណូត​ តាមរយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet)នេះ អ្នកដំណើរ​អាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និង​កាណូត បានភ្លាមៗដោយស្វ័យប្រវត្តិ តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ដែលមានបិទនៅលើ​រថយន្តក្រុង និងកាណូត​។
លោកបន្តថា សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាសេវាធនាគារ​តាម​រយៈទូរស័ព្ទចល័ត ដែលដំណើរការ​ដោយប្រព័ន្ធ Android និងiOS ដើម្បីទូទាត់ និងទិញទំនិញ​ គ្រប់ទីកន្លែង​តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកប​ដោយ​ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
លោកបានបញ្ជាក់ថា គិត​មក​ត្រឹ​ម​ថ្ងៃនេះ មានអ្នកចុះឈ្មោះ​ប្រើប្រាស់សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាលក្ខណៈបុគ្គល មានចំនួន ៦២៤.៦៨៤ និង​ជា​ដៃ​គូមានចំនួន ៧.០២៤។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើតឱ្យមានការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ( QR Code ) នេះធ្វើឡើងដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ឱ្យបានរហ័សទាន់ចិត្តលើការបង់កម្រៃសេវាដឹកជញ្ជូនសាធាររណៈរថយន្តក្រុងនិងកាណូត ខណៈដែល បច្ចុប្បន្ននេះមានរថយន្តក្រុងចំនួន ១៥៥គ្រឿង បាននឹងកំពុងរត់លើផ្លូវចំនួន ៨ខ្សែ ​មាន​ចំនួន​អ្នកធ្វើដំណើរពី ២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានីនឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។

ឯកឧត្កមអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំឱ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ និងធនាគារ ត្រូវអនុវត្តន៍នៃការ ចុះហត្ថលេខានេះឱ្យបានល្អ ពិសេសត្រូវ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីនទូទាត់ ប្រាក់ចៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ៕

ដោយសួស សំរិត