ក្រសួងទេសចរណ៍ សហការជាមួយយក្រសួងធម្មការ នឹងរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្ត ដ៏ទាក់ទាញ ដើម្បីបង្កើនសក្តានុពលទេសចរណ៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ក្រសួងទេសចរណ៍ សហការជាមួយក្រសួងធម្មការនិងសាសនា សមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា(CATA) រួមជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាមដែលមាន ភាពលេចធ្លោជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗឱ្យក្លាយទៅជាវត្ត ទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែរីកចម្រើន ឡើងថែមទៀត។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខណៈដែល ឯកឧត្តមអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំឆ្លងគោលការណ៍ណែនាំស្ដីពីវត្តទេសចរណ៍ នៅទីស្ដីការ ក្រសួងទេសចរណ៍។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួង ទេសចរណ៍។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ការរៀបចំឱ្យមាន «វត្តទេសចរណ៍» នេះគឺជាការជំរុញឱ្យទីអារាមសំខាន់ៗនៅក្នុងតំបន់គោល ដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយវត្តអារាមនៅតាមតំបន់គោលដៅទេសចរណ៍ធំៗ នៅកម្ពុជាឱ្យក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ ឬអាចទទួល ភ្ញៀវទេសចរឱ្យ ទៅទស្សនានៅក្នុងទីអារាមទាំងនោះបាន ខណៈដែលរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ កំពុងជំរុញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា។
ឯកឧត្តមបន្តថា ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ៗចំនួន២គឺ ទី១. ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅ ក្នុងប្រទេសកម្ពុជា និងផ្តល់ឱ្យភ្ញៀវមានជម្រើសច្រើនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវប្រភពចំណូល និងការជួយដល់វត្តអារាមទាំងនោះផងដែរ។ ទី២. ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិក្នុងការសិក្សាឈ្វេងយល់ពី ព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា ដើម្បីទទួលស្គាល់វត្តថាជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះត្រូវតែមានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិនាមល្បីល្បាញល្អ។ ព្រះសង្ឃ ឬអាចារ្យវត្តក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តន៍ឱ្យ ស្របតាមគោលការណ៍ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជាផ្លូវការនាពេល ខាងមុខ៕

ដោយ សាយ សុន