សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ ស្ថានភាពឯកបក្សនៅក្នុងសភា គឺបានចាប់ផ្ដើមពីស្ថានភាពពហុបក្សនៃការបោះឆ្នោត

AKP កណ្តាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូ​ស​បញ្ជា​ក់ថា ស្ថានភាពឯកបក្សក្នុងសភា គឺបានចាប់ផ្ដើមពីស្ថានភាពពហុបក្សនៃការបោះឆ្នោត ដែល​ឆន្ទៈរបស់ប្រជាពលរដ្ឋប្រគល់ទាំងស្រុងឱ្យគណបក្សប្រជាជនកម្ពុជា ដែលយើងមិនអាច​ទាត់​​ចោលនោះទេ។
ក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិ​យោ​ជិ​តចំនួនជាង ១៧០០០នាក់ ដែ​​ល​មកពីរោងចក្រ សហគ្រាសចំនួន១២ នៅខេត្តកណ្ដាល ដែលត្រូវបានប្រារព្ធធ្វើ​ឡើងនា​ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ​សី​​ហា ឆ្នាំ២០១៨ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល សម្ដេច​តេ​ជោ​ មានប្រសាសន៍ថា ស្ថានភាពនៃការប្រកួតប្រជែងសម្រាប់ការបោះឆ្នោត​ដែលមាន​គណ​បក្ស​​នយោបាយចំនួន ២០ចូលរួម មិនមែនជារឿងធម្មតាទេ។

​នៅកម្ពុជាមានគណបក្ស​នយោ​បាយ​​ប្រមាណជា ៥០គណបក្សនយោបាយ ក៏ប៉ុន្តែចូលរួមបោះឆ្នោតត្រឹមតែ ២០គណបក្ស​តែ​ប៉ុណ្ណោះ ឯក្នុង២០គណបក្សនយោបាយមានតែមួយគណបក្សប៉ុណ្ណោះដែលស្ថិតនៅ​ក្នុង​សភា​។ ឥឡូវនេះបន្ទាប់ពីការបោះ​ឆ្នោត​រួច​ហើយ ដោយសង្កេតឃើញថាកន្លងទៅនេះ គណបក្ស​នយោ​បាយជាច្រើនដែលបាន​ចូ​ល​រួម​ក្នុងការបោះឆ្នោត គឺមិនមានអាសនៈក្នុងសភា ដូច្នេះខ្ញុំក៏​បាន​ផ្ដួចផ្ដើមគំនិតអញ្ជើញគណបក្ស​នយោបាយ​ធ្វើការពិគ្រោះយោបល់ ដើម្បីរៀបចំយន្តការ​មួ​យ​សម្រាប់រួមគ្នាដើម្បីកសាង​ប្រទេ​ស​​ជាតិ ដែលនឹងបង្កើតឡើងនូវក្រុមប្រឹក្សាពិគ្រោះ និងផ្ដ​ល់​យោបល់​មួយសម្រាប់រាជរដ្ឋាភិបាល ហើយដែលប្រធានគណបក្សនយោបាយទាំងនោះ បា​ន​ផ្ដល់​នូវការគាំទ្រយ៉ាងពេញទំហឹង ព្រោះថា យើងបានផ្ដល់នូវតួនាទី និងភារកិច្ចមិនមែន​គ្រា​ន់​​​តែ​រង់ចាំអង្គុយទិតៀននៅខាងក្រៅសភា ឬក្នុងសភានោះទេ ក៏ប៉ុន្តែតួនាទីនេះ​វាអាច​ចូ​ល​រួម​​ចំ​ណែក​ដើម្បីកសាងប្រទេសរបស់យើងផងដែរ។

សម្ដេចតេជោគូសបញ្ជាក់ថា បើទោះបីជាព្រះ​រាជ​ក្រឹត្យ​រៀបចំ​ឧត្ដ​ម​​ក្រុមប្រឹក្សាពិគ្រោះ និងផ្ដ​ល់​យោបល់​ កើតឡើងទាន់ឬមិនទាន់ក្ដី ក៏ច្បាប់​មួយ​ដែលឧត្ដមក្រុមប្រឹក្សានោះត្រូវ ផ្ដល់យោបល់មុនគេ គឺ​ច្បា​ប់ថវិកាជាតិ​ស​ម្រាប់​ការ​​គ្រប់​គ្រ​ង​​ឆ្នាំ២០១៩ មុននឹងសេចក្ដីព្រាង ច្បាប់នេះដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនទៅកាន់​រដ្ឋ​ស​ភា​ ព្រឹទ្ធសភាតាមការកំណត់។ ដូច្នេះបណ្ដាគណបក្ស​ន​យោ​បាយ​ដែលបានចូលរួមក្នុង ឧត្ដ​ម​​ក្រុ​មប្រឹក្សាពិគ្រោះ និងផ្ដ​ល់​យោបល់​ នឹងខិតខំឈ្វេងយល់ និងចូលរួមក្នុងកិច្ចដំណើរការ​ជា​ប​ឋ​ម​ ដែលខ្ញុំគិតថាច្បាប់នេះ គឺជាច្បាប់ដំបូងដែលឧត្ដ​ម​​ក្រុមប្រឹក្សាពិគ្រោះ និងផ្ដ​ល់​យោបល់​ ត្រូវ​បំ​ពេញតួនាទីដំបូងដ៏មាន សារៈសំខាន់ ព្រោះថាច្បាប់ថវិកានេះគឺជាគំនាស់សេដ្ឋកិច្ចមួយធំ​ណា​​ស់។ អីចឹងទេយើងបើក ទ្វារចំហសម្រាប់ការចូលរួមផ្ដល់មតិសម្រាប់ច្បាប់ថវិកានេះ៕

ដោយ ជឹម ណារី