ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់គ្រប់ក្រសួងស្ថាបន និងអាជ្ញាធរទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថយ លោក ចន ណារិទ្ធ៖

សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅសួនឧស្សា ហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៣ ខែ សីហានេះ។ សម្តេចតេជោ បន្តថា ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបញ្ចេញនូវពូជស្រូវឬគ្រាប់ពូជដំណាំផ្សេងៗដែលប្រជាពរដ្ឋត្រូវ។

ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលអំពីបញ្ហាផ្លូវថ្នល់ដែលបានខូចខាត ធ្វើ យ៉ាងណាជួសជុលឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដានបញ្ហាអាកាសធាតុឲ្យបានជាប់ជាប្រចាំ ជាពិសេសបញ្ហាកំពស់ទឹកតាមទន្លេ នានា ក្នុងនោះក៏ត្រូវបន្តចុះត្រួតពិនិត្យ ប្រឡាយឬអាងស្តុកទឹកនានា ដែលរងការខូចខាត ត្រូវ ជួបជុលបន្ទាន់។សម្តេចតេជោ ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាល ត្រូវចុះទៅពិនិត្យ ព្យាបាលប្រជាពលរដ្ឋដែលកំពុងរងគ្រោះឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវមានក្រុមគ្រូ ពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។