អាជ្ញាធរខេត្តសៀមរាប៖ ការផ្តល់សម្បទានដីសង្គមកិច្ចជូនដល់ប្រជាជនដែលគ្មានដីធ្លី គឺជាយុទ្ធសាស្រ្តដ៏មាន​ប្រសិទ្ធភាពក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ

AKP សៀមរាប ថ្ងៃទី២៣ ខែសីហា ឆ្នំា២០១៨ — អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ការផ្តល់សម្បទានដីសង្គមកិច្ចជូនដល់ប្រជាជន ដែលគ្មានដីធ្លី សម្រាប់សង់លំនៅឋាន និងធ្វើកសិកម្ម គឺជាយុទ្ធសាស្រ្តមួយដ៏មាន​ប្រសិទ្ធភាពក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅកម្ពុជា។


លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងបើកសិក្ខាសាលា ស្តីពីទិន្នន័យ និងព័ត៌មាននៃសម្បទានដីសង្គមកិច្ច នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ថា ផ្នែកតាមការ សិក្សានានាបានបង្ហាញថាចំនួនប្រជាជនកម្ពុជាដែលគ្មានដីធ្លី កំពុងកើនឡើង បើទោះបីជាមិនទាន់មានស្ថិតិផ្លូវការបច្ចុប្បន្នភាពស្តីពីបញ្ហានេះយ៉ាងណាក៏ដោយ។

ប៉ុន្តែការ សិក្សាឆ្នាំ២០១៤ ដែលធ្វើឡើងដោយវិទ្យាស្ថានបណ្តុះ បណ្តាលស្រាវជ្រាវ និងអភិវឌ្ឍន៍ កម្ពុជាបានរកឃើញថា ជាប្រជាជនកម្ពុជាមានប្រមាណ២៨ ភាគរយ គឺគ្មានដីធ្លីរស់នៅ និងធ្វើកសិកម្មនៅចន្លោះឆ្នាំ២០០៤ និង២០១១ ប្រជាជនប្រមាណ ៤៧ភាគរយ មានដីធ្លីតិច ជាងកន្លះហិកតា ជាទំហំដ៏ទាបបំផុតសម្រាប់ការចិញ្ចឹមជីវិត។ តាមរយៈបញ្ហានេះរដ្ឋាភិបាល កម្ពុជាបានបង្កើត និងអនុវត្តន៍ប្រព័ន្ធបែងចែកដីរដ្ឋដល់ប្រជាជនគ្មានដីធ្លីទាំងនោះ។

នៅឆ្នាំ ២០០២កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយដីធ្លីបណ្តោះអាសន្នមួយ ក្នុងគោលបំណងបង្កើនការបែងចែកដីធ្លី ប្រកបដោយសមធម៌។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី ឆ្នាំ២០០៩និងបែងចែកដីធ្លី ដល់ប្រជាជនដែលមានតម្រូវការ។ ក្រោមកម្មវិធីអនុ វិស័យបែងចែកដីធ្លី រដ្ឋាភិបាលមានគោលបំណងបែងចែកដីធ្លីតាមរយៈសម្បទានដីសង្គមកិច្ច «ប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការដីធ្លីរបស់ប្រជាជន» ដោយផ្តោតលើប្រជាជនក្រីក្រី យោធិនពិការ និងគ្រួសារកងទ័ពពលី។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាបវិញ មានដីសម្បទាន សង្គមកិច្ច សរុបចំនួន៧៥០ហិកតា ស្ថិតក្នុងដីកាដកហូតលេខ៨៥ស្ថិតនៅក្នុង ភូមិសាស្រ្តឃុំបល្ល័ង ស្រុកប្រាសាទបាគងដីទាំងនេះសម្រាប់ផ្តល់ជូនប្រជាជនក្រីក្រ យោធិនពិការ និងគ្រួសារកងទ័ពពលី សម្រាប់សាងសង់លំនៅឋាន និងដីសម្រាប់បង្ក បង្កើនផល។ល។

លោកបានបញ្ជាក់ទៀតថា ការផ្តល់សម្បទានដីសង្គមកិច្ចជូនដល់ប្រជាជន ដែលគ្មានដីធ្លី ឬខ្វះខាតដីធ្លីសម្រាប់សង់លំនៅឋាននិងធ្វើកសិកម្ម គឺជាយុទ្ធសាស្រ្តមួយដ៏មាន​ប្រសិទ្ធភាពក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅកម្ពុជា។ សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីទិន្នន័យ និងព័ត៌មាននៃសម្បទានដីសង្គមកិច្ចនេះ រៀបចំដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៃអង្គការសហប្រជាជាតិ ដោយមានការចូលពីមន្រ្តីពាក់ព័ន្ធមកពីខេត្តបាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តកំពង់ធំ ខេត្តសៀមរាប និងមន្រ្តីសង្គមស៊ីវិលផងដែរ៕

ដោយ ឃុត សៅ