ក្រសួងសាធារណការគ្រោងបញ្ចេញថវិកា៧៥លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ៤៨ឡើងវិញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបញ្ចេញថវិកា៧៥លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ៤៨ឡើងវិញ បន្ទាប់ពីផ្លូវនេះរងការខូចខាតយ៉ាងដំណាំដោយសារទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ថវិកាសរុបប្រមាណ៧៥លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC)ឆាប់ៗនេះ សំដៅរក្សាគុណភាពបានភាពយូរអង្វែង។

ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង និង ព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ថា ក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស ដើម្បីរៀបចំដាក់ឱ្យដេញថ្លៃស្របតាមស្តង់ដារបច្ចេកទេស ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់ បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ពីស្រុកស្រែអំបិល ទៅខេត្តកោះកុងមានប្រវែងសរុប៣៥,៥៤គីឡូម៉ែត្រ ស្មើនឹង២២,២៦ភាគរយ នៃប្រវែងសរុប១៥៩,៦០គីឡូម៉ែត្រ ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវ ដែលបានធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។ ការខូចខាតនេះមានការវិវឌ្ឍលឿន ដោយសារតែផ្លូវនេះ មានអាយុកាល១២ឆ្នាំ ហួសរយៈពេលធានាគុណភាព ស្របពេលទំហំចរាចរណ៍មានការកើនឡើង ពិសេសការដឹកជញ្ជូនសម្ភារៈសំណងទៅមកខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ រក្សាការអត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរ ដោយលំបាក ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ក្នុងពេលគម្រោងជួសជុលមិនទាន់ទៅដល់៕