មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា នៅឆ្នាំ២០៣០ កម្ពុជាត្រូវការធនធានមនុស្សលើជំនាញទេសចរណ៍ប្រមាណ២លាននាក់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កម្ពុជា

AKP សៀមរាប ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីប្រគល់វិញ្ញា បនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៦ ដល់សិស្សានុសិស្សសាលា សណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា តាមរយៈនៃការរីកចម្រើនរបស់វិស័យទេសចរណ៍ កម្ពុជារំពឹងថា នៅឆ្នំា២០៣០ នឹងទទួលបានភ្ញៀវទេសចរប្រមាណ១៥លាននាក់។ ចំនួនភ្ញៀវទេសចរដ៏ ច្រើននេះ កម្ពុជាត្រូវការធនធានមនុស្សលើជំនាញទេសចរណ៍ប្រមាណ២លាននាក់ ហើយបច្ចុប្បន្ននេះ កម្ពុជាបានធ្វើការបណ្តុះបណ្តាធនធានមនុស្សក្នុង មួយឆ្នំាប្រមាណ ១៥ម៉ឺននាក់ នៅតាមសាលាវិជ្ជាជីវៈ និងតាមសាលាចំណេះដឹងទូទៅ។

ឯកឧត្តមបន្តថា ជាក់ស្តែងនៅថ្ងៃនេះ សិស្សានុសិស្សដែលបានរៀនចប់វិជ្ជាជីវៈក្រប ខ័ណ្ឌគុណវុឌ្ឍិអាស៊ាននៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប ចំនួន២២៦នាក់ និងត្រូវបាន​ចូលរួមបម្រើនៅក្នុងវិស័យទេសចរណ៍កម្ពុជា។ ដើម្បីជំរុញការ ផ្តល់ជំនាញទេសចរណ៍ដល់យុវជនកម្ពុជាឱ្យបានកាន់តែច្រើន និងមានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់បម្រើឱ្យវិស័យ ទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍សហការជាមួយ សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងអង្គការទេសន្តរប្រវេសន៍ បាន និងកំពុងធ្វើកិច្ចសហប្រតិបត្តការគ្នាក្នុងការជួយដល់ យុវជនដែល មានជីវភាពក្រីក្រអាចមក រៀនយកជំនាញទេសចរណ៍នេះបាន។

ឯកឧត្តមបានលើកឡើងទៀតថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍បានដាក់ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍២០១៧-២០២៥ និងបានកំណត់ គោលដៅដូចជាឆ្នាំ២០២០។ ទន្ទឹមនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធសហការ គ្នាបង្កើតការងារដោយផ្ទាល់ឱ្យបានប្រមាណជិត១លាននាក់ ហើយត្រូវជំរុញឱ្យអ្នក ជំនាញយ៉ាងតិច៥០ភាគរយ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់ សមត្ថភាពស្របតាម ស្តង់ដារជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

ឯកឧត្តមបានអះអាងថា នៅក្នុងឆ្នាំ២០២៥ គ្រោងនឹងបង្កើតការងារ ដោយផ្ទាល់ឱ្យបានប្រមាណ១.២នាក់ និងត្រូវសម្រេចឱ្យបានយុទ្ធនាការ “បុគ្គលិកមា្នក់ ជំនាញមួយ” ពោលគឺជំរុញឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់មានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ានឱ្យបាន១០០ភាគរយ។

ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០៣០ធ្វើយ៉ាងណាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ “ធានាឱ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត “ជំរុញកំណើនសេដ្ចកិច្ច និងការងារសមរម្យដល់ប្រជាជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់។

​សូមរម្លឹកផងដែរថា ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន៥.៦លាននាក់ ក្នុងកំណើន១១.៨ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ តាមការព្យាករណ៍នៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងទទួលទេសចរអន្តរជាតិ ៦.១០ លាននាក់នៅឆ្នំា២០៣០ នឹងទទួលបានភ្ញៀវទេសចរប្រមាណ១៥លាននាក់ និងត្រូវការធនធាន មនុស្សលើជំនាញទេសចរណ៍ប្រមាណ២លាននាក់៕


ដោយ ឃុត សៅ