ពួកធម្មយាត្រាអេហ្ស៊ីប ដែលស្លាប់នៅម៉ិចកាឡើងដល់៣៣នាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ក្នុងចំណោមពួកធម្មយាត្រាអេហ្ស៊ីប ដែលទៅធ្វើបុណ្យហាជ ( Hajj ) ក្នុងទីក្រុងដ៏ពិសិដ្ឋម៉ិចកា របស់ ប្រទេសអារ៉ាប៊ីសាអូឌីត បានឡើងដល់ ៣៣នាក់ ។
លោក ខាឡេដ មេហ្គាហេដ អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ពួកធម្មយាត្រាអេហ្ស៊ីប ៣នាក់បានស្លាប់ ក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ឡើងដល់ ៣៣នាក់ ។

អាយុរបស់ពួកធម្មយាត្រាអេហ្ស៊ីប ដែលបានស្លាប់ក្នុងអំឡុងបុណ្យហាជមានចន្លោះ ពី ៥០ឆ្នាំ និង ៨០ឆ្នាំដែលមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចរាចរណ៍​ឈាមសម្រាប់ហេតុផលរួមបំផុតនៃការស្លាប់នេះ ។
តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ពួកអាជ្ញាធរអេហ្ស៊ីបកំពុងធ្វើការសម្របសម្រួលជាមួយ សមភាគីអារ៉ាប៊ីសាអូឌីត របស់ខ្លួនដើម្បីចេញលិខិតមរណភាព សម្រាប់ពួកធម្មយាត្រាអេហ្ស៊ីប ដែលស្លាប់ក្នុងអំឡុងរដូវបុណ្យហាជ ។

ប្រជាជនអេហ្ស៊ីបជាង ៨៤.០០០នាក់បានចូលរួមក្នុងរដូវបុណ្យហាជប្រចាំឆ្នាំក្នុងទីក្រុងម៉ិចកានៅ ឆ្នានេះ ដែលបានទាក់ទាញពួកធម្មយាត្រាប្រហែល២,៤លាននាក់មកពីជុំវិញពិភពលោក ។
កាលពីឆ្នាំកន្លងទៅប្រជាជនអេហ្ស៊ីបជាង ៨០នាក់បានស្លាប់ក្នុងអំឡុងបុណ្យហាជ ពីក្នុងចំណោម ពួកធម្មយាត្រាអេហ្ស៊ីបប្រហែល ៧០.០០០នាក់ ។

បុណ្យហាជ គឺជាស្តម្ភមួយ នៃស្តម្ភទាំង៥ របស់សាសនាអ៊ីស្លាម នឹងក្នុងចំណោមពិធីបុណ្យយ៉ាងសំខាន់បំផុតសម្រាប់ពួកមូស្លឹមនៅទូទាំងពិភពលោក ព្រោះថា រាល់ពួកមូស្លឹម គប្បីអនុវត្តន៍ពិធីបុណ្យនេះយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតប្រសិនបើអាច និងលៃលកបាននោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )