អ្នកវិភាគផែនការ និងគោលនយោបាយថៃអះអាងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបីខេត្ត​នៅភូមិភាគខាងកើតរបស់ថៃ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា

AKP រ៉ាយ៉ង, ប្រទេសថៃ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ –អ្នកវិភាគផែនការ និងគោលនយោបាយរបស់ថៃបានអះអាងថា ការបង្កើតតំបន់ សេដ្ឋកិច្ច ខេត្តបីនៅភូមិភាគខាងកើតនៃប្រទេសថៃមានខេត្ដឆាក់ឆឺងសៅ ឈុនបុរី និងខេត្ដរ៉ាយ៉ង នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាផ្នែកកម្លាំងពលកម្មពលករជំនាញ។

លោក Jeerawass Premdit អ្នកវិភាគផែនការនិងគោលនយោបាយនៃគម្រោង អភិវឌ្ឍន៍ ថៃបានលើកឡើងថា រដ្ឋាភិបាលថៃកំពុងអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចនៅខេត្តជាប់មាត់សមុទ្រលើ ផ្នែកប្រព័ន្ធឌីជីថល កន្លែងផលិតរថយន្តទំនើប កន្លែងច្នៃប្រឌិតសម្រាប់បង្កើតសម្ភារ និង ឧបករណ៍ប្រើប្រាស់ថ្មីៗ ព្រលានយន្តហោះ កំពង់ផែ និងទីក្រុងឆ្នាតវៃ ដែលមានវិសាលភាព ធំធេងផ្នែកទីផ្សារការងារ។ លោកបានបន្ដថា នៅពេលប៉ូលសេដ្ឋកិច្ចនេះ កាន់តែពង្រីកសក្តា នុពល វាចាំបាច់ណាស់ក្នុងការស្វែងរកពលករជំនាញពីកម្ពុជាក្នុងការបំពេញការងារ ដើម្បីជំរុញល្បឿនអភិវឌ្ឍន៍ឱ្យមានសន្ទុះបានឆាប់រហ័ស។ លោកបានបន្ដទៀតថា សម្រាប់ពលករដែលមានចំណេះដឹងផ្នែកជំនាញពីកម្ពុជាអាចនឹងធ្វើការនៅព្រលានយន្តហោះ នៅស្ថានីយ៍រថ ភ្លើងល្បឿនលឿន និងកន្លែងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនៃខេត្តទាំងបីរបស់ថៃនេះ។

ជាមួយគ្នានេះ នៅក្នុងគម្រោងអភិវឌ្ឍន៍របស់ថៃក្នុងខេត្តប៉ូលសេដ្ឋកិច្ចទាំងបីនៅភូមិ ភាគខាងកើតនោះនឹងភ្ជាប់ការហោះហើរប្រទាក់ក្រឡាគ្នាជាមួយព្រលានយន្តហោះដនមឿង ព្រលានយន្តហោះសុវណ្ណភូមិ និងព្រលានយន្តហោះអ៊ុតាផៅ ព្រមទាំងកសាងផ្លូវរថភ្លើងល្បឿនលឿន រហូតដល់ទីក្រុងបាងកក។

បើតាមមន្ត្រីថៃប្រចាំខេត្តរ៉ាយ៉ងបានឱ្យដឹងថា នេះជាឱកាសថ្មីមួយទៀតដែលប្រជាជន កម្ពុជា នឹងទទួលផលប្រយោជន៍បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ជំហានទី២ ទី៣ចាប់ផ្តើមដំណើរ ការ ខណបច្ចុប្បន្នគម្រោងជំហានទីមួយកំពុងបោះជំហានទៅមុខយ៉ាងរលូន៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា