សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះជួបកម្មករ និយោជិតជាង១៧.៥០០នាក់នៅក្នុងខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហសសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅ ក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅសួនឧស្សា ហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជំនួបសំណេះសំណាលនៅថ្ងៃនេះ គឺជាខួបមួយឆ្នាំនៃការអញ្ជើញចុះជួបកម្មករ និយោជិតរបស់សម្តេចតេ ជោ ហ៊ុន សែន។ រយៈពេលមួយឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបកម្មករ និយោជិត៥៤លើក ហើ យមានកម្មករ កម្មការិនីសរុបជាង ៧៥ម៉ឺននាក់ ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ក្នុងសុន្ទរកថាស្វា គមន៍ឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២នេះ មានទីតំាងស្ថិតនៅស្រុកកៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហ គ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀក បំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១។

ឯ.ឧ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ក៏បានគូសបញ្ជាក់ទៀតថា តាមរយៈរោងចក្រ សហ គ្រាសទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹក ជញ្ជូននិងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវ ឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

បើតាមឯ.ឧ រដ្ឋមន្ត្រី អ៉ិត សំហេង បច្ចុប្បន្នខេត្ត កណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតចំនួនជាង ១៥៥,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារ។ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិតចំនួនជិត១៤ម៉ឺន នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារក្នុងមួយឆ្នាំ។ ឯ.ឧរដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា នៅក្នុងខែ មិថុនាកន្លងទៅនេះ មានរោងចក្របើកថ្មីចំនួន២ ដែលផ្តល់ការងារចំនួន ៣,៣៤១នាក់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ ផ្តើមជួបសំណេះសំណាលជាមួយកម្មករ និយោជិតមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៧ ដែលគិតមកដល់ពេលនេះ មានចំនួន៥៤លើកនិង មានកម្មករ និយោជិតសរុបជាង ៧៥ម៉ឺននាក់៕