អាជ្ញាធរភ្នំពេញកំពុងព្រួយបារម្ភ បញ្ហាប្រឈមទឹកជំនន់ចំនួន៣ប្រភេទ ខណៈ កំពស់ទឹកនៅសល់តែ ០,៨០ម៉ែត្រទៀត ដល់ចំណុចប្រកាសអាសន្ន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ +9.70 នៅសល់ 0.80ម ដល់កំពស់ប្រកាសអាសន្ន +10.50 ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ក្នុងខណៈពេលនេះ រាជធានីភ្នំពេញកំពុងប្រឈមទឹកជំនន់ចំនួន ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត ។ តំបន់ខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប៉ុន្តែទោះជាយ៉ាងណា រាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ និងមានសុវត្ថិភាព ដោយសារមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែងដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹកកើនជាងមុន ៣ដង។