ជំរុញផែនការអនុវត្ត គោលនយោបាយជាតិ ប្រជាជនវ័យចាស់ ២០១៦-២០៣០

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់កម្ពុជា នាសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងឲ្យដឹងថា ប្រជាជនវ័យចាស់នៅក្នុងប្រទេសកម្ពុជា នឹងកើនដល់៩,៣ភាគរយ នៅឆ្នាំ២០២៣ ហើយការកើននេះ នឹងឈានដល់១១,៥ភាគរយ នៅឆ្នាំ២០៣០ ។ឯកឧត្តម បន្តថា ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ ជាបាតុភូតប្រជាសាស្ត្រមួយ ដែលប្រទេសអភិវឌ្ឍន៍ លើពិភពលោកបានឆ្លងកាត់ និងដែលប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមជួប រួមទាំងកម្ពុជាផង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន មានប្រសាសន៏ទៀតថា ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ គឺជាការប្រែប្រួលប្រជាសាស្ត្រ នាចុងអន្តរកាលប្រជាសាស្ត្រ ដែលសមាមាត្រប្រជាជនវ័យចាស់ អាយុ៦០ឆ្នាំឡើង កើនឡើងយ៉ាងលឿន នៅពេលដែលប្រជាជន ក្នុងវ័យកំពុងធ្វើការងារបច្ចុប្បន្នចាប់ផ្តើមចូលនិវត្តន៍ គួបផ្សំនឹងការមានកូនតិច និងការកើនឡើង នៃអាយុកាលសង្ឃឹមរស់។ ឯកឧត្តមប្រជាជនវ័យចាស់នៅកម្ពុជា មានចំនួន៥ភាគរយនៅឆ្នាំ១៩៩៨ ,៦ភាគរយនៅឆ្នាំ២០០៨ , ៧,៦ភាគរយនៅឆ្នាំ២០១៨ និងឈានទៅ ៩,៣ភាគរយនៅឆ្នាំ២០២៣ និងឆ្នាំ២០៣០ មាន១១,៥ ភាគរយន។

បាតុភូតនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើមនុស្សវ័យចាស់ខ្លួនឯងទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ដោយហេតុថាវ័យចាស់ ជាវ័យដែលភាពសកម្មសេដ្ឋកិច្ច ចាប់ផ្តើមថយចុះឆ្ពោះទៅរកចំណុចអប្បបរមា ស្របពេលដែលតម្រូវការការផ្គត់ផ្គង់ និងការថែទាំចាប់ផ្តើមកើនឡើង ឆ្ពោះទៅរកចំណុចអតិបរមា។ ការឈានចូលវ័យចាស់ប្រកបដោយសក្តានុពល គឺជាភាគលាភប្រជាសាស្ត្រទី២ ដែលក្នុងស្ថានភាពនោះ មនុស្សចាស់ជាធនធានបង្គោលជាជាងបន្ទុក។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយឈរលើមូលដ្ឋានចំនួនមួយនៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ សំដៅត្រៀម និងរៀបចំដោះស្រាយបញ្ហា ដែលកំពុងនិងដែលនឹងកើតមាន និងផ្តល់ការតម្រង់ទិស ដល់វ័យសកម្មការងារ អំពីដំណើរឈានទៅរកវ័យចាស់ ប្រកបដោយសក្តានុពលនៅកម្ពុជា៕