ឯកឧត្ដម គួច ចំរើន អំពាវនាវស្វែងរកជំនួយមនុស្សធម៌ ក្នុងពេលដែលប្រជាពលរដ្ឋជិត៣ម៉ឺនគ្រួសារ បាននឹងកំពុងទទួលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា ប្រជាពល រដ្ឋខេត្តកំពង់ចាម ចំនួន ២៨.៩៦០គ្រួសារ មនុស្សចំនួន ១៣នាក់ បានស្លាប់បាត់បង់ជីវិត ផលដំណាំ និងហេដ្ឋាចនាសម្ព័ន្ធមួយចំនួនទៀត បានរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងនោះ ប្រជាពលរដ្ឋ ចំនួន ៣.៤៩៩នាក់ និងសត្វពាហៈនៈ ចំនួន ២.០៩៧ក្បាល ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ។

ក្នុងឱកាសទទួលអំណោយពីសប្បុរសជន នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងពេលនេះ គណៈកម្មាធិការគ្រោះមហន្តរាយ ខេត្ត កំពង់ចាមត្រូវការសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងជំនួយជាច្រើនទៀត ដើម្បី ជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ពិសេស ប្រជាពលរដ្ឋ កំពុងរងប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ។

ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ទៀតថា ដោយឆ្នាំនេះ គ្រោះធម្មជាតិទឹកជំនន់ បានបង្កគ្រោះមហន្តរាយ និងផលប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ។ ជាក់ស្ដែង មកដល់ពេលនេះទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ ដល់ផលដំណាំ និងហេដ្ឋាចនាសម្ព័ន្ធនានា អស់ជាច្រើន សន្ធឹកសន្ធាប់ ។

ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន ACE COOK និងសាលាបង្រៀនបើកបររថយន្ត ហេង ចំណាន ដែលមានទឹកចិត្តសប្បុរសធម៌ បរិច្ចាកទាំងសម្ភារៈបរិក្ខារ និងធនធាន ផ្ទាល់ខ្លួន រួមចំណែកជាមួយវិស័យមនុស្សធម៌ នាពេលនេះ ដើម្បី បានយកទៅជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយទឹកជំនន់មេគង្គផងដែរ ។

ឯកឧត្ដម គួច ចំរើន បានសូមអំពាវនាវ ដល់អង្គការ សមាគម សង្គមស៊ីវិល ក៏ដូចជា សប្បុរសជន ទាំងអស់ សូមបន្តចូលរួមគាំទ្រ ដល់អាជ្ញាធរ ដើម្បី បានចូលរួមចំណែកដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ នៅក្នុងខេត្តកំពង់ចាម ជាបន្តទៅទៀត ។

សូមបញ្ជាក់ថា អំណោយដែល អាជ្ញាធរខេត្តកំពង់ចាម ទទួលបាននាពេលនេះរួមមាន៖ មី ចំនួន ៣០០កេស របស់ក្រុមហ៊ុន ACE COOK និងថវិកា ចំនួន ១៥០ដុល្លារសហរដ្ឋអាមេរិក របស់សាលាបង្រៀនបើកបររថយន្ត ហេង ចំណាន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់តែម្តង ៕