អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់កំពុងហក់ឡើង នៅតែបន្តគម្រាមកំហែងដល់ពលរដ្ឋរស់នៅតាមដងទន្លេ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត លោក ចន ណារិទ្ធ៖

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅក្នុងក្រុងកំពង់ចាម និងពិនិត្យកន្លែងរំដោះទឹកពីប្រពន្ធ័លូបង្ហូរចូលទន្លេវិញ ព្រោះបច្ចប្បន្ននេះកម្ពស់ទឹកគិតត្រឹមព្រឹកថ្ងៃទី២២សីហានេះ ទន្លេមេគង្គក្នុងខេត្តកំពង់ចាមកំពុងបន្តហក់ឡើងកម្រិត១៥ម៉ែត្រ ៤៦សង់ទីម៉ែត្រ ខណៈដែលកំរិតប្រកាសអាសន្នត្រឹមតែ១៥ម៉ែត្រ២០សង់ទីម៉ែត្រប៉ុណ្ណោះ។

ជាមួយគ្នានេះ ឯកឧត្ដម បានស្នើដល់មន្ត្រីពាក់ពន្ធ័ត្រូវយកចិត្តទុក្ខដាក់ការពារស្កាត់នឹងជួយសង្គ្រោះពលរដ្ឋក្នុងរដូវទឹកជនន់នេះ និងយសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ។ ជាមួយគ្នានេះ នៅពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសិរិ្ពស ច្រើនផងដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យបង្អែល ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបងប្អូនជាបន្ទាន់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។

ឯកឧត្ដម បានបញ្ជាក់ថា គ្រោះធម្មជាតិទឹកជំនន់ បានបង្កគ្រោះមហន្តរាយ និងផលប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម គិតមកដល់ពេលនេះ បានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ ចំនួន ២៨.៩៦០គ្រួសារ ក្នុងនោះមនុស្សចំនួន ១៣នាក់ បានបាត់បង់ជីវិត ។

ជាមួយនោះ ប្រជាពលរដ្ឋ ចំនួន ៣.៤៩៩នាក់ និងសត្វពាហៈនៈ ចំនួន ២.០៩៧ក្បាល ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ។