កូរ៉េខាងត្បូង នឹងដកប៉ុស្តិ៍ឆ្មាំការពារមួយផ្នែកក្នុងតំបន់ព្រំដែនជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូងលោក សុង យុង មូ ( Song Young moo) បាននិយាយពីថ្ងៃអង្គារថា យោធានឹងដកចេញមួយផ្នែកប៉ុស្តិ៍ឆ្មាំការពារក្នុងតំបន់ព្រំដែនជាមួយកូរ៉េខាងជើង លើមូលដ្ឋានសាកល្បងដូចដែលបាន ព្រមព្រៀងគ្នានៅឯកិច្ចចរចាយោធាអន្តរកូរ៉េ ។

លោក សុង បានប្រាប់សវនាការគណៈកម្មាធិការ ការពារសភាមួយថា កូរ៉េខាងត្បូង និង កូរ៉េខាងជើង បានព្រមព្រៀងគ្នាដកប៉ុស្តិ៍ ឆ្មាំការពារពីរនៅខាងក្នុងតំបន់គ្មានយោធា ( DMZ ) ដែលបំបែកឧបទ្វីប កូរ៉េលើមូលដ្ឋានសាកល្បងមួយ ហើយបន្ទាប់មកនឹងបង្កើនចំនួននេះ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេសម្រេចឡើងក្នុងអំឡុងកិច្ចចរចាយោធាអន្តរកូរ៉េថ្នាក់ឧត្តមសេនីយកាលពីចុងខែកក្កដា ដែលក្នុងកិច្ចចរចានោះភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរ ដើម្បីដកហូតគ្រឿងសព្វាវុធតំបន់សន្តិសុខរួម ( JSA ​) នៅខាងក្នុងភូមិព្រំដែន ប៉ានមុនហ្សូម​ ព្រមទាំងជីកកកាយរួមគ្នារកអដ្ឋិធាតុពួកទាហានដែលស្លាប់ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០- ១៩៥៣ ។

ប្រមុខការពារប្រទេសកូរ៉េខាងត្បូងបាននិយាយថា យោធារបស់ភាគីទាំងពីរ នឹងដកជាដំបូងប៉ុស្តិ៍ឆ្មាំការពារ ដែលបានដាក់នៅចម្ងាយមិនដល់មួយគីឡូម៉ែត្រ ពីគ្នាទៅវិញទៅមកដោយកត់សម្គាល់ថា ប៉ុស្តិ៍មួយដែលជិតបំផុត គឺស្ថិតនៅចម្ងាយប្រហែល ៧០០ម៉ែត្រពីគ្នាទៅវិញទៅមក ។

ការដកនេះនឹងជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងដើម្បីអនុវត្តន៍សេចក្តីប្រកាសប៉ាន់មុនហ្សូម ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា- អ៊ីន ( Moon Jae-in ) និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong un ) បានចុះហត្ថលេខាបន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេកាលពីថ្ងៃទី ២៧ ខែមេសា នៅ ប៉ានមុនហ្សូម ។

លោក មូន និង លោក គីម បានព្រមព្រៀងគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងយោធាតាមរយៈការធ្វើ DMZ ឱ្យទៅជាតំបន់សន្តិភាពមួយ និងព្រំដែនសមុទ្រឱ្យទៅជាតំបន់សន្តិភាពសមុទ្រមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )