ព្រះមហាក្សត្រយាងទៅប្រកាសសុពលភាពសមាជិកសភាជាប់ឆ្នោត គឺជាព្រះរាជតួនាទីរបស់ព្រះអង្គស្របតាមរដ្ឋធម្មនុញ គ្មានអ្នកណាមួយឃាត់ព្រះអង្គបានឡើយ

វិទ្យុជាតិកម្ពុជា៖ដោយ៖ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍

ភ្នំពេញ៖ក្រោយពេលដែលព្រះមហាក្សត្រទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ស្រាប់តែមានក្រុមឧទ្ទាមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាមួយក្រុម បន្តប្រើប្រាស់ឈ្មោះខ្មោចគណបក្សសង្រ្គោះជាតិដែលបានស្លាប់ទៅហើយ មកចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថាបានប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រ រំលោភបំពានលើច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឆាំងយ៉ាងងងើលនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមឧទ្ទាមទាំងអស់នោះ បញ្ចេញនូវចរឹតព្រហើនហ៊ានប្រដៅព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ដោយសំដៅថាព្រះមហាក្សត្រនៃយើងទ្រង់មិនដឹងអ្វីទាំង អស់។

ការត្រាស់បង្គាប់ចាត់តាំងនេះ គឺត្រឹមត្រូវតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

បើអនុវត្តតាមមាត្រា ១១៩ ថ្មី នៃរដ្ឋធម្មនុញ្ញ គឺតម្រូវឲ្យមានការស្នើពីប្រធានរដ្ឋសភា និងមានការឯកភាពពី អនុប្រធានរដ្ឋសភាទាំង២ ទើបព្រះមហាក្សត្រឡាយព្រះហស្ថចាត់តាំងវីរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យរៀបចំរាជរដ្ឋាភិបាល រួចទៅសុំការទុកចិត្តពីរដ្ឋសភា។

ប៉ុន្តែលើកនេះ ព្រះមហាក្សត្រទ្រង់យោងតាមសំណើរបស់ព្រឹទ្ធបុរសនៃសភា ដូច្នេះមានន័យថា ការចាត់តាំងនេះ គឺអនុវត្តនូវច្បាប់ធម្មនុញ្ញបន្ថែមត្រង់មាត្រា៤ ស្តីពីដំណើរការជាប្រក្រតីនៃស្ថាប័នរដ្ឋ។

ជាងនេះទៅទៀត យើងដឹងហើយថា មហាសន្និបាតគណបក្សប្រជាជនកម្ពុជាបានសម្រេចជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។

ហើយគណបក្សប្រជាជនកម្ពុជា ក៏បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៦នេះ លើសពី៥០+១ គឺ១២៥អាសនៈនៅក្នុងសភា ដូច្នេះគណបក្សប្រជាជនគឺមានសិទ្ធិរៀបចំរាជរដ្ឋាភិបាល។

ក្នុងនោះ សម្តេចតេជោ ក៏ជាតំណាងរាស្រ្តជាប់ឆ្នោតនីតិកាលទី៦ផងដែរ។

ដូច្នេះ ព្រះមហាក្សត្រនៃយើង ទ្រង់ត្រាស់បង្គាប់ចាត់តាំង សម្តេចតេជោជានាយករដ្ឋមន្រ្តីអាណត្តិទី៦នេះ គឺត្រឹមត្រូវ និងស្របតាមច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀត ក្រុមប្រឆាំងក៏បានចេញលិខិតមួយទៀតចុះហត្ថលេខាដោយអ្នកស្រី មួង សុខហួរ ដោយប្រើឈ្មោះខ្មោចគណបក្សសង្រ្គោះជាតិ ថ្វាយជូនព្រះមហាក្សត្រ ស្នើឲ្យព្រះអង្គកុំយាងជាអធិបតីភាពក្នុងសម័យប្រជុំសភាលើកដំបូងនីតិកាលទី៦ ដោយបញ្ជាក់ហេតុផលថា ការបោះឆ្នោតសាកលឆ្នាំ២០១៨កន្លងទៅនេះ គឺជាការបោះឆ្នោតក្លែងក្លាយ មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងលើកឡើងថារដ្ឋសភាថ្មីជាសភាឯកបក្ស មិនឆ្លុះបញ្ចាំងពីឆន្ទះប្រជាជនកម្ពុជា។

នេះគឺជាការលើកឡើង និងចោទប្រកាន់ដោយបំពាន បិទភ្នែកហើយខំស្រែកដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងដើម្បីផលប្រយោជន៍ក្រុមឧទ្ទាមរបស់ខ្លួន។

នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពុំមានចែងថានៅក្នុងសភាជាតិត្រូវតែមានគណបក្សចម្រុះនោះទេ។

ហើយការបោះឆ្នោតសាកលឆ្នាំ២០១៨ នៅកម្ពុជា ក៏បានប្រព្រឹត្តទៅស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សផងដែរ ជាក់ស្តែងមានគណបក្សចំនួន២០ចូលរួមក្នុងបោះឆ្នោត និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ ការរៀបចំការបោះឆ្នោតនេះ ក៏ទទួលបានការវាយតម្លៃថា សេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។

ទោះបីជាគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំងស្រុងនៅរដ្ឋសភាក៏មិនមែនមានន័យថាមិនសេរីពហុបក្សនោះដែរ នេះគឺដោយសារតែប្រជាជនកម្ពុជាភាគច្រើនបានស្រឡាញ់គាំទ្រសម្តេចតេជោ ស្រឡាញ់ សន្តិភាព និងការអភិវឌ្ឍន៍ ទើបគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រលើលលុបលើគណបក្សដទៃទៀត។

ហើយគណបក្សចំនួន១៩ទៀត គឺជាគណបក្សក្រៅសភា ដែលពួកគេមានសិទ្ធិដាក់សំណើទៅសភា ឬធ្វើសន្និសីទ បញ្ចេញមតិប្រឆាំងតាមរយៈសារព័ត៌មាននៅក្រៅសភា។ល។

នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ សម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ “ការបោះឆ្នោត២០២២ នឹងមកដល់” ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ “ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។

សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមានភារៈកិច្ចដូចខាងក្រោម៖
១)ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
២)ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអណត្តិ ធ្វេីញាត្តិជូនព្រឹទ្ធសភាតតាំង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
៣)ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
៤)ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

សំរាប់សមាសភាព និងយន្តការ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៖
១)សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។
២)គណបក្សនីមួយៗមានតំណាង០២រូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី
៣)ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បាន គោលកាណ៍បន្តវេនមួយខែម្តងតាមលេខរៀង បញ្ជីបោះឆ្នោត។
៤)ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
៥)លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

ជាមួយគ្នានោះ កិច្ចដំណើរការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះគឺ៖
១)ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
២)ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
៣)ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល។

«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយនេះជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល ៕