លោកស្រីសាស្ត្រាចារ្យ Yuen Yuen Ang ឈ្វេងយល់អំពីដំណើរការអភិវឌ្ឍន៍នៅខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨  -កាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកស្រី Yuen Yuen Ang សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យមីឈីហ្គេន (Michigan) ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោកស្រី Yuen Yuen Ang មានប្រសាសន៍ជម្រាបជូនឯកឧត្តម អភិបាលខេត្ត អំពីគោលបំណងមកបំពេញទស្សនកិច្ចរបស់លោកស្រី នៅខេត្តព្រះសីហនុនៅពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់អំពីដំណើរការអភិវឌ្ឍន៍ និងការវិនិយោគនៅខេត្តព្រះសីហនុ។ ជាពិសេសផ្តោតសំខាន់លើការវិនិយោគ និងការគ្រប់គ្រងលើការវិនិយោគរបស់ជនជាតិចិន និងជនបរទេស រួមជាមួយចំណងមិត្តភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀត ។
ឯកឧត្តម យន្ត មីន បានស្វាគមន៍លោកស្រីសាស្ត្រចារ្យ ព្រមទាំងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះចំនួន៣២ និងមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវរថភ្លើង ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រចំនួន ១២៥ មានកម្មករប្រមាណជាង ២ម៉ឺននាក់ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសស្រុកព្រៃនប់ ។ ខេត្តព្រះសីហនុមានសក្តានុពលផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ កត្តាទាំងអស់នេះធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគ និងភ្ញៀវទេសចរ មកខេត្តព្រះសីហនុ ក៏ប៉ុន្តែសុំឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរទាំងអស់ត្រូវគោរពច្បាប់របស់កម្ពុជាទាំងអស់គ្នា រដ្ឋបាលខេត្តធានានូវសន្តិសុខ សុវត្ថិភាពចំពោះអ្នកវិនិយោគ និងភ្ញៀវទេចរ ដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី