ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរនៅតែប្រកាន់ភ្ជាប់ការ​ប្រើប្រាស់ឧបករណ៍បែបបុរាណសម្រាប់​ធ្វើ​នំបញ្ចុក

AKP សៀមរាប ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ –បើទោះបីប្រទេសកម្ពុជាមាន​ការអភិវឌ្ឍរីចម្រើនមានសម្ភារប្រើប្រាស់ និងបច្ចេកវិទ្យាទំនើបៗ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋរស់នៅ​ឃុំព្រះដាក់ ខេត្តសៀមរាប​ នៅតែប្រកាន់ភ្ជាប់ការ​ប្រើប្រាស់ឧបករណ៍បែបបុរាណសម្រាប់​ធ្វើ​នំបញ្ចុក ក្នុងគោលដៅអភិរក្ស និងបង្ហាញឱ្យភ្ញៀវទេសចរបានស្គាល់អំពីទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ និងសម្រាប់​ធ្វើនំបញ្ចុកលក់រកប្រាក់ ចំណូលសម្រាប់គ្រួសារ

តាំងពីសម័យបុរាណរៀងមក ផលិតផលប្រើប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហាររបស់ខ្មែរយើងតែងបញ្ជាក់អំពីអត្តសញ្ញាណ ទីតាំងភូមិសាស្ត្រ ភូមិស្រុកីមួយៗ ឧទាហរណ៍ ដូចជា ណែមសាច់ត្រីរបស់អ្នកខេត្តបាត់ដំបង ស្ករត្នោតនៅខេត្តកំពង់ស្ពឺជាដើម។ ដោយឡែកនៅខេត្តសៀមរាបវិញ នំបញ្ចុកត្រូវបានគេស្គាល់គ្រប់គ្នាថា ជាអាហារប្រចាំភូមិសាស្រ្តនៅក្នុងឃុំព្រះដាក់។

ព្រះដាក់ជាភូមិមួយស្ថិតនៅក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងនៅខាងជើងឆៀងខាងកើត នៃទីរួមខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណ ១៥គីឡូម៉ែត្រ ។ ចំពោះ អ្នកសៀមរាប ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនានៅក្នុងរមណីដ្ឋានអង្គរ តែងតែទៅដល់ភូមិព្រះដាក់ ដើម្បីទទួលទាននំបញ្ចុកឆ្ងាញ់ប្រចាំភូមិសាស្រ្តនេះ

លោក ខាន់ វ៉ាន់ឆាយ ប្រធាន​សហគមន៍ទេសចរណ៍ព្រះដាក់បាន​ឱ្យដឹងកាលពី ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នំា២០១៨ថា ជាការពិតណាស់នំបញ្ចុកនៅព្រះដាក់ គឺជាអាហារប្រចាំភូមិសាស្រ្តមួយដ៏មានភាព​ល្បីល្បាញ ហើយប្រជាពលរដ្ឋនៅក្នុងភូមិនេះ ក៏នៅតែប្រកាន់ភ្ជាប់ការ​ប្រើប្រាស់ឧបករណ៍បែបបុរាណសម្រាប់​ធ្វើ​នំបញ្ចុក ក្នុងគោលដៅអភិរក្ស និងបង្ហាញឱ្យភ្ញៀវទេសចរបានស្គាល់អំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ និងសម្រាប់​ធ្វើនំបញ្ចុកលក់រកប្រាក់ចំណូលផងដែរ បើទោះបីប្រទេសកម្ពុជាមាន​ការអភិវឌ្ឍរីចម្រើន មានសម្ភារៈប្រើប្រាស់ និងបច្ចេកវិទ្យាទំនើបៗ ដែលអាចជួយសម្រួលការងាររបស់ពួកគាត់បានលឿនជាងមុនក្តី ក្រៅពីធ្វើនំបញ្ចុកលក់ ការធ្វើនំបញ្ចុកដោយប្រើប្រាស់សម្ភារៈបុរាណរបស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់នេះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបាន​មកកម្សាន្តនៅរមណីយដ្ឋានតែងតែបានមកឈ្វេងយល់ដោយផ្ទាល់អំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរនេះតំបន់នេះ។

លោកបាន​បន្តថា ឥឡូវនេះមាន​ទីភ្នាក់ងារទេសចរណ៍ជាច្រើន​បាន​ដាក់ចូលការបង្ហាញធ្វើនំបញ្ចុកខ្មែរបែបបុរាណនេះទៅក្នុងកញ្ចប់ទស្សនា ហើយចាប់ពីខែកញ្ញាខាងមុខនេះទៅ នឹងមានភ្ញៀវទេសចរជាច្រើនក្រុម​មកទស្សនាតំបន់នេះ ព្រោះភ្ញៀវទេសចរជាច្រើនបានទិញកញ្ចប់ទស្សនានេះរួចហើយ។

លោកប្រធាន​សហគមន៍ទេសចរណ៍ព្រះដាក់បាន​បញ្ជាក់ថា ក្រៅពីនំបញ្ចុកនៅ​ក្នុងសហគមន៍ទេសចរណ៍ព្រះដាក់នេះ ក៏មាន​បង្ហាញការធ្វើនំគ្រ នំផ្លែអាយ មានធ្វើស្មុក ការដុតក្រឡាន មាន​ការជិះរទេះគោជាដើម

អ្នកស្រី សឿម ហ៊ុប អ្នកធ្វើនំ​បញ្ចុកនៅ​ភូមិព្រះដាក់ ឃុំព្រះដាក់ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប បានឱ្យដឹងថា ការប្រកបរបរធ្វើនំបញ្ចុកនេះ គឺបានធើ្វជាច្រើនឆ្នាំមកហើយ ធ្វើតពី ម្តាយរបស់អ្នកស្រី។ដើមឡើយនៅភូមិនេះមានអ្នកធ្វើនំបញ្ចុកតែ០២នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវមានអ្នកធ្វើ និងលក់ច្រើន

លោក ភិន ថោង ជំទប់ទី១ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​ បានថ្លែងថា នៅក្នុងចំណោមប្រជាពលរដ្ឋជាង​ ២ពាន់គ្រួសារ នៅ​ក្នុង​ឃុំព្រះដាក់នេះ គឺមាន​ប្រជាពលរដ្ឋប្រមាណជា១០០គ្រួសារ បាន​ធ្វើនំបញ្ចុកលក់ ហើយអាជ្ញាធរមានការគាំទ្រ និង​ជួយផ្សព្វ ផ្សាយ ជាពិសេសគឺណែនំាពួកគាត់ធ្វើនំបញ្ចុកត្រូវមាន​អនាម័យជានិច្ច។

លោក ភិន ថោង អះអាងថា នំបញ្ចុកដែលប្រជាពលរដ្ឋនៅឃុំព្រះដាក់ធ្វើនេះ គឺធ្វើដោយដៃផ្ទាល់ និងគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធសាធ គឺគ្មាន​ប្រើប្រាល់សារធាតុគីមីណាមួយឡើយ គឺធ្វើដោយប្រើប្រាស់សម្ភារៈបុរាណ និងបច្ចេកទេសពីបុរាណទំាងអស់ ហើយអាជ្ញាធរក៏តែងតែចុះពិនិត្យមើលជាប្រចាំផងដែរ ខ្លាចក្រែងមានការលួចប្រើសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះនំបញ្ចុកប្រចាំភូមិសាស្រ្តព្រះដាក់នេះផងដែរ៕

ដោយឃុត សៅ