ប្រទេសថៃ ត្រៀមផ្តល់បច្ចេកទេសដាំស្រូវដែលចំណាយដើមទុនតិចដល់ប្រជាកសិករក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខស្បៀង បង្កើនសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកហុកសុខរិន

ប្រទេសថៃ៖មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវប្រចាំខេត្តសូផាន់បូរីប្រទេសថៃ បានអោយដឹងថាវិទ្យាស្ថាននេះ បានរៀចំផែនការរួចជាស្រេចហើយក្នុងការអញ្ចើញកសិករមកពីប្រទេសទាំង១០នៅតំបន់អាស៊ាន ដើម្បីមករៀនពីបច្ចេកទេសដាំដុះស្រូវនៅក្នុងប្រទេសថៃរយៈពេលមួយខែ ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំក្រោយនេះ។
ក្នុងកិច្ចសម្ភាសន៍និងការទទួលស្វាគមន៍ក្រុមគណៈប្រតិភូមន្ត្រីវិទ្យុជាតិកម្ពុជានៅវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវប្រចាំខេត្តសូផាន់បូរីប្រទេសថៃលោកស្រីអាម៉នរ៉ាត់ អេម៉ាន់ មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវប្រចាំខេត្តសូផាន់បូរីបានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្រុមគ្រួសាររបស់កសិករនៅក្នុងតំបន់អាស៊ាន តាមរយះកាត់បន្ថយការចំណាយថ្លៃដើមផលិតក្នុងសង្វាក់ផលិតកម្មស្រូវ។ លោកស្រីបន្ថែម កម្មវិធីបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើបច្ចេកទេសដាំដុះថ្មីដោយប្រប្រាស់បច្ចេកទេសទំនើប ដូចជា ការរានដីអោយស្មើល្អ ការជ្រើសរើសពូជទៅតាមសណ្ឋានដីឬប្រភេទដី បច្ចេកទេសថែទាំ ដាក់ជី ទឹក និងការប្រមូលផល ដោយធ្វើយ៉ាងណា អោយរយៈពេលដាំដុះកាន់ខ្លី ចំណាយដើមទុនតិច និងទទួលបានទិន្នផលខ្ពស់។

លោកចាន់ ភារ៉ាប្រធាននាយកដ្ឋានផ្សាយទៅបរទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលកសិករនៅក្នុងតំបន់អាស៊ាននេះ នឹងបានផ្តល់សមត្ថភាពដល់កសិករអោយកាន់តែមានភាពរឹងមាំក្នុងការផលិតស្រូវ។ លោកបានបញ្ជាក់ថា ការលើកកម្ពស់សមត្ថភាពរបស់កសិករ នឹងជួយជំរុញផលិតភាពនៃការដាំដុះស្រូវកាន់តែច្រើនឆ្លើយតបទៅនឹងតម្រូវការហូបចុកនិងសល់សម្រាប់ការនាំចេញ។
វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវប្រចាំខេត្តសូផាន់បូរីប្រទេសថៃនេះ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវនិងការផលិតពូជស្រូវដ៏សំខាន់របស់ប្រទេសថៃ សម្រាប់ចែកជូនដល់កសិករក្នុងមួយឆ្នាំៗរហូតដល់ជាង២០០តោន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ មានកសិករនិងនិស្សិតមកពីកម្ពុជាចំនួន៤នាក់បានមក ដកស្រង់បទពិសោធន៍ដាំដុះស្រូវនៅក្នុង
វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវប្រចាំខេត្តសូផាន់បូរីប្រទេសថៃក្រោមគម្រោងកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា ជាមួយនឹងក្រសួងកសិកម្មថៃ៕