UNFPA បន្ដលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជាដោយ៖  លោកអាតចន្ធូ

ភ្នំពេញ៖មូលនីធិប្រជាជន នៃអង្គការសហប្រជាជាតិដែលហៅកាត់ថា UNFPA បានបន្ដលើកកម្ពស់អប់រំ​វិស័យ​សុខាភិបាល នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព ធ្វើយ៉ាងណាលើកកម្ពស់សុខ​​ភាពប្រជាពល​​រដ្ឋកម្ពុជា​ឲ្យកាន់​តែល្អ​ប្រសើរឡើង។

ថ្លែងក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែសីហា លោកស្រី Sithy Rizvina De Alwis តំណាងថ្មីរបស់ UNFPA ប្រចាំកម្ពុជា បានបញ្ជាក់ថា នេះជាកិតិ្តយសណាស់ដែល លោកស្រីបានតែងតាំង ជាតំណាងរបស់ UNFPA នៅកម្ពុជា និងជាប្រទេសមួយដែល​​ជាប់ដោយក្ដីស្រលាញ់របស់លោកស្រី។

លោកស្រីបន្ដថា មូលនីធិប្រជាជននៃអង្គការសហប្រជាជាតិ និងធានាការអនុវត្តកម្មវិធីនានាឲ្យស្របតាមផែនការ​ជាតិរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកធ្វើយ៉ាងណាឲ្យស្រ្តីនិងយុវជនមានសុខភាពល្អនិងអាចមានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋទូទៅផងដែរ។

ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថាឯកឧត្តមទេស​រដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច សំរាប់សម្របសម្រួលរាល់ការបំពេញកិច្ចការរបស់ UNFPA នៅកម្ពុជា ចំពោះអង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ ដែលបន្តកម្មវិធីប្រចាំប្រទេសដោយ​ផ្តោត​សំខាន់​លើការថែទាំសុខភាពស្រី ការគាំទ្រសុខភាពផ្លូវភេទ សុខភាពបន្តពូជ ការផ្តល់អំណាចលើស្រ្តី និងយុវជនចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីចាត់ទុកគម្រោងប្រចាំប្រទេសរយៈពេលបីឆ្នាំរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិនេះ នឹងចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពជាឲ្យបានរីកចំរើនមួយផ្នែកបន្ថែមទៀត។

សូមបញ្ជាក់ថា កម្មវិធីប្រចាំប្រទេស របស់មូលនីធិប្រជាជននៃអង្គការសហប្រជាជាតិនេះ បានអនុវតន៍នៅកម្ពុជារយៈពេល៣ឆ្នាំរួចមកហើយគឺចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ដោយបានជំរុញស្រ្តី និងយុវជនខ្មែរឲ្យមានសមត្ថភាព​គ្រប់គ្រាន់​​តាម​​រយៈ​​​​ការអប់រំសុខភាពផ្លូវភេទ និងការលើកកម្ពស់សិទ្ធិសេរីភាពជាដើម៕