តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារ មានកំណើនក្នុងទីផ្សារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨–​តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារមានតម្រូវ ការកាន់តែខ្ពស់ ដែលនាំឱ្យមានកំណើននៃការនាំចូលរថយន្តកាន់តែច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងទីផ្សារកម្ពុជា។

​លោក ប្រាយ អ៊ែនខូ នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ការបង្កើនការនាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩នេះ មកកាន់ទីផ្សារកម្ពុជា គឺដោយសារមើល ឃើញពីតម្រូវការនៃការនិយមប្រើប្រាស់រថយន្តថ្មីមានការកើនឡើង និងកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋមានការកើនឡើងមួយកម្រិតទៀតផងដែរ។

លើកឡើងក្នុងពិធីបើកបរសាក ល្បងរថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០១៩ នៅកោះពេជ្រ នាដើមសប្ដាហ៍នេះ លោក ប្រាយ អ៊ែនខូ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ មានកំណើនរហូតដល់៣០ភាគរយ ដែលធ្វើឱ្យក្រុមហ៊ុនមានផែនការ បង្កើនការ នាំចូលបន្ថែមប្រមាណ១០ភាគរយបន្ថែមទៀត។

​បើយោងតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា ក្នុង១ឆ្នាំៗ កម្ពុជាបាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗ និងរថយន្តដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មានមិនដល់១០ភាគរយផង ហើយក្រៅពីនោះ គឺជាការនាំចូលរថយន្តមួយទឹក។

​គួរបញ្ជាក់ថា ដើម្បីជំរុញការលក់បន្ថែមនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ តែងតែផ្តល់ឱកាសឱ្យអតិថិជន បានបើកបរសាកល្បងនូវរថយន្តដោយផ្ទាល់ ដើម្បីយល់ដឹង ពីកម្រិតគុណភាព និងអត្ថប្រយោជន៍ផ្សេងៗរបស់រថយន្តម៉ាកនេះបន្ថែមផងដែរ មុនសម្រេច ចិត្តទិញយកទៅប្រើប្រាស់៕

ដោយ ម៉ៅ ចរិយា