កូរ៉េខាងត្បូងបើកការិយាល័យកុងស៊ុលនៅទីក្រុង Da Nang

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការបរទេសរបស់កូរ៉េខាងត្បូងកំពុងធ្វើការងារត្រៀមរៀបចំបើកអគ្គស្ថានកុងស៊ុលនៅទីក្រុង Da Nang ដែលជាមជ្ឈមណ្ឌលទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់វៀតណាម។
កាលពីថ្ងៃទី២០ ខែសីហា បណ្តាញសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូងបានដកស្រង់សម្តី មន្រ្តីមួយរូបរបស់ក្រសួងនេះដែលបាននិយាយថា ខណៈដែលចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងទៅទីក្រុង Da Nang មានការកើនឡើងនាពេលថ្មីៗនេះ ក្រសួងបានពិចារណាក្នុងការបើកការិយាល័យកុងស៊ុលនៅក្នុងទីក្រុងនេះ។

បច្ចុប្បន្ននេះ ក្រសួងកំពុងពិភាក្សាបញ្ហានេះជាមួយភ្នាក់ងារដទៃទៀតអំពីបញ្ហាថវិកា និងកិច្ចការរដ្ឋបាល។ មន្រ្តីរូបនេះបាននិយាយថា ប្រសិនបើនីតិវិធីទាំងអស់ទាក់ទងនឹងថវិកា ធនធានមនុស្ស ទីកន្លែង​ ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារៈ ត្រូវបានបញ្ចប់តាមកាលកំណត់ អគ្គកុងស៊ុលរបស់កូរ៉េខាងត្បូងនៅទីក្រុង Da Nang នឹងត្រូវបានបើកនៅពាក់កណ្តាលឆ្នាំ ២០១៩ ។

ទីតាំងការិយាល័យនេះ ស្ថិតនៅរវាងគោលដៅទេសចរណ៍ដ៏ល្បីល្បាញពីរនៃរាជធានីបុរាណ Hue និងទីក្រុងកំពង់ផែបុរាណ Hoi An។ ទីក្រុង Da Nang មានប្រជាជន ១លាននាក់ ដែលត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានឆ្នេរខ្សាច់ និងរមណីយដ្ឋានដ៏ស្រស់ស្អាត។

ទីក្រុង Da Nang ត្រូវបានឱ្យឈ្មោះថា ជាទីកន្លែងសម្រាប់សម្រាកលំហែកាយកំពូលទាំង ១០ នៅក្នុងទ្វីបអាស៊ី ដោយក្រុមហ៊ុន Smart Travel Asia និងជាគោលដៅស្រស់បំព្រងទាំង ១០ ក្នុងពិភពលោកនៅក្នុងឆ្នាំ ២០១៣ សម្រាប់អ្នកផ្គត់ផ្គង់កន្លែងស្នាក់នៅតាមប្រព័ន្ធអនឡាញ។ កាសែត New York Times របស់សហរដ្ឋអាមេរិកក៏បានចុះបញ្ជីទីក្រុងនេះ ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលគួរទៅទស្សនាទាំង ៥២ នៅក្នុងឆ្នាំ ២០១៥ ផងដែរ។

យោងតាមអង្គភាពទេសចរណ៍កូរ៉េខាងត្បូងបានឱ្យដឹងថា ភ្ញៀវទេសចរកូរ៉េខាងត្បូង ២,៤លាននាក់ បានមកទស្សនាប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៧ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)