នាយបេសកកម្មកីឡាអាស៊ី៖ ប្រធានអូឡាំពិកអាស៊ីអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨​ -នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់​ឱ្យទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ដឹងពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨​ម្សិលមិញថា ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah និងលោក​ SER MIENG សមាជិក អូឡាំពិកអន្តរជាតិបានសម្តែងនូវ ភាពរីករាយ និងអបអរសាទរ​ចំពោះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហុ៑ន សែន ដែលត្រូវ បានតែងតាំងជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មី។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា បន្ទាប់ពីពិធី បើកប្រកបដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨មក ក្រុមប្រឹក្សា អូឡាំពិកអាស៊ីបានបើកមហាសន្និបាតលើកទី៣៧របស់ខ្លួន ក្រោម​អធិបតីភាព​ព្រះអង្គម្ចាស់ Sheikh ប្រធានក្រុមប្រឹក្សាអាស៊ី និងឯកឧត្តម Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី ព្រម​ទាំង​ប្រតិភូ គណៈកម្មាធិការអូឡាំពិកទាំង៤៥ប្រទេស ក្នុងទ្វីបបានចូលរួម។ ក្រោយពេល សម្រាក​ពីកិច្ច​ប្រជុំ​នេះ ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម វ៉ាត់ ចំរើន បានជួបសម្តែងការ គួរសមជាមួយព្រះអង្គ​ម្ចាស់​ប្រធាន​ក្រុម​ប្រឹក្សាអូឡាំពិកអាស៊ី និងលោក Ser Mieng សមាជិក អូឡាំពិកអន្តរជាតិ ដែលលោក​ទាំងពីរសុទ្ធតែបានសម្តែង​ការអបអរសាទរ ចំពោះសម្តេច តេជោ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី បន្ទាប់ពីទទួល បានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក។ ព្រះអង្គម្ចាស់ និងសមាជិកអូឡាំពិកអន្តរជាតិបានចាត់ទុកថា នេះជាព័ត៌មា​នដ៏ល្អសម្រាប់​លោកទាំងពីរ។ ជាមួយគ្នានោះ លោកក៏សុំផ្តាំផ្ញើសួរសុខទុក្ខ និងសូមជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី​សូមបន្តទទួលជោគជ័យធំធេង ក្នុងការដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែកព្រះអង្គម្ចាស់ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីក៏បានកោតសរសើរ និងអរគុណចំពោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាអូឡាំពិក តំបន់កាលពីថ្ងៃទី ០៥ ដល់០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា មហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី លើកទី៣៧នេះ​មានរបៀបវារៈ​ជាច្រើន ក្នុងនោះបានផ្តោតសំខាន់លើការស្តាប់សេចក្តីរាយ ការណ៍ស្តីពីវឌ្ឍនភាពនៃការ​ត្រៀមរៀប​ចំធ្វើ​ជាម្ចាស់​ផ្ទះការប្រកួតផ្សេងៗដូចជា៖ 6th Asian Beach Games នៅ Sanya ប្រទេសចិន ឆ្នាំ២០២០, 19th Asian Games 2022 នៅ Hangzhou ប្រទេសចិន, 20th Asian Games 2026 នៅ Aichi-Nagoya ប្រទេសជប៉ុន។ Tokyo Olympic Games 2020, ២០២២ Beijing Winter Olympic Games, ANOC World Brach Games 2019 San Diego, នៅសហរដ្ឋអាមេរិក។ ក្រៅពីនេះក៏មានការបញ្ចូលប្រភេទកីឡាថ្មី គឺកីឡា Teqball ក្នុងការប្រកួតកីឡា អាស៊ីផងដែរ។

សូមបញ្ជាក់ថា កម្ពុជាកំពុងចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៨ នៅ ឥណ្ឌូណេស៊ី នេះ ដែលមាន១៣ ប្រភេទកីឡា និងកីឡាករ៤៣នាក់៕

 

ដោយ ហេង ណាលីន