កិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យសភាពការណ៍គ្រឿងញៀនវិវត្តន៍ថ្មីៗ និងការពង្រឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨​ -ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការត្រួត​ពិនិត្យសភាព​ការណ៍​គ្រឿង​ញៀន​វិវត្តន៍ថ្មីៗ និងការពង្រឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីរសៀលថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា ដោយសារការរវិវឌ្ឍន៍របស់ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃការរីកចម្រើនលឿនគួរជាទីមោទនៈ ទន្ទឹមនឹងការអភិវឌ្ឍ ក៏មានអ្នកវិនិយោគ និងភ្ញៀវទេសចរចូលមកច្រើន និងមានកន្លែងបម្រើសេវាកម្មក្លឹបកម្សាន្តច្រើនយ៉ាងណាក៏ដោយ តែខេត្តព្រះសីហនុមានសមត្ថភាពរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានស្នើដល់មន្រ្តីនៅតាមអង្គភាពមានការពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រូវតែរួមគ្នាបន្តខិតខំធ្វើការងារនេះដូចភ្លៀងរលឹម ក្រោមការដឹកនាំរបស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល យើងត្រូវធ្វើយ៉ាងណារួមគ្នាទាំងមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ សហការគ្នាបង្ការ បង្ក្រាបគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវធ្វើជាសេនាធិការល្អរបស់ខេត្ត ។

ឯកឧត្តមបញ្ជាក់ថា ការដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅលុបបំបាត់អ្នកប្រើប្រាស់ និងអ្នកធ្វើចរាចរណ៍គ្រឿងញៀនខុសច្បាប់ ពិសេសស្វែងរកមេខ្លោងគ្រឿងញៀន ដែលបង្កអសន្តិសុខសង្គម និងធ្វើឱ្យកម្ពុជាបាត់បង់ធនធានមនុស្សថែមទៀតផង។ ដូច្នេះយើងត្រូវតែខិតខំស្រាវជ្រាវមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ទ្វេដងធ្វើឱ្យបានជោគជ័យ ដើម្បីសង្គមជាតិទាំងមូល ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន គឺជាប្រធានបទដ៏ក្តៅគគុករបស់រដ្ឋបាលខេត្តព្រះសីហនុ គ្រឿងញៀននាំមកនូវគ្រោះមហន្តរាយធំសម្រាប់សង្គមជាតិ និងសង្គមគ្រួសារ ។ រដ្ឋបាលខេត្តសូមបញ្ជាក់ជំហរថា ត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយគ្មានការយោគយល់ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់ បទល្មើសគ្រប់បែបយ៉ាង និងត្រូវធ្វើការបង្ក្រាបដូចភ្លៀងរលឹម ដើម្បីឈានដល់ការលុបបំបាត់គ្រឿងញៀនខុសច្បាប់ ។
សូមបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៨នេះ កងកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១១១ករណី ដកហូតបានវត្ថុតាងមានសារធាតុញៀនមួយចំនួន ឃាត់ខ្លួនជនសង្ស័យចំនួន ២០៨នាក់ ស្រី ១៩នាក់ ក្នុងនោះជនបរទេស ៥នាក់ ។ មានអ្នកញៀនគ្រឿងញៀនបានមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទាគ្រឿងញៀនចំនួន ៨៨នាក់ នៅមណ្ឌលបន្សាបគ្រឿងញៀននៃកងរាជអាវុធហត្ថក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី