ខេត្តឧត្តរមានជ័យប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ -ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី​អបអរសាទរទិវា អន្តរជាតិប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ«ចូលរួមទាំអស់គ្នាដើម្បីជីវិត និង សហគមន៍​យើង​គ្មានគ្រឿងញៀន » កាលពីថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។

ពិធីនេះរៀបចំដោយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនផងដែរ ។

លោក លៀម សុដា អភិបាលរងខេត្ត និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ កម្លាំងនគរបាលទូទាំងខេត្ត បង្ក្រាបករណីគ្រឿងញៀនបាន ១៩ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣៧នាក់ ស្រី៨នាក់ ចាប់បានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY)ចំនួន ៣០១គ្រាប់ ម៉ាទឹកកក(ICE) ចំនួន ៤៨,២១ក្រាម ទូរស័ព្ទដៃ ៣៤គ្រឿង ប្រាក់រៀលចំនួន ៥០៤.១០០រៀលនិង សម្ភារផ្សេងៗមួយចំនួនទៀត ។

ឯកឧត្តម ស ថាវី បានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជារបស់យើង ក៏ដូចជាខេត្តឧត្តរមានជ័យដែរ មិនមែនជាកន្លែងផលិតគ្រឿងញៀនទេ ដោយសារតែឥទ្ធិពលនៃការផលិត និងការចរាចរណ៍គ្រឿងញៀន នៅក្នុងពិភពលោក ធ្វើឱ្យពួកឧក្រិដ្ឋជនគ្រឿងញៀនធំៗរិះរកគ្រប់ល្បិចកល គ្រប់មធ្យោបាយ ដើម្បីប្រើប្រាស់ប្រទេសកម្ពុជាយើងធ្វើជាកន្លែងចរាចរឆ្លងកាត់ ដឹកជញ្ជូន រក្សាទុក និងកែឆ្នៃផលិតគ្រឿងញៀនសម្រាប់បន្តនាំចេញទៅប្រទេសទី៣។ ព្រមទាំងជួញដូរ ចែកចាយ ប្រើប្រាស់មួយចំនួននៅក្នុងប្រទេស ដែលនាំឱ្យប្រជាជនយើងមួយចំនួន ពិសេសស្រទាប់យុវជនលង់ខ្លួនប្រើប្រាស់ ក្លាយជាអ្នកញៀន និងអ្នកបង្កនូវផលលំបាកជាច្រើនដល់ខ្លួនឯងផង ដល់ក្រុមគ្រួសារផង និងដល់សង្គមជាតិទាំងមូលទៀតផង ។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមទៀតថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហាយើងទាំងអស់គ្នា ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ពិសេសកងកម្លាំងប្រដាប់អាវុធ មន្រ្តីតុលាការ និងប្រជាពលរដ្ឋផ្ទាល់ រួមគ្នាក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់ឱ្យបាន កុំឱ្យគ្រឿងញៀននេះចូលមកដល់ភូមិ ឃុំ សង្កាត់របស់យើង។ ព្រោះបើយើងធ្វើការបង្ក្រាប ធ្វើការទប់ស្កាត់កុំឱ្យគ្រឿងញៀននាំចូលមក នោះក្រុមយុវជនរបស់យើងក៏មិនបានស្គាល់ ឬប្រើប្រាស់គ្រឿងញៀននោះដែរ ។ បើគ្មានគ្រឿងញៀននេះទេ នោះប្រទេសជាតិរបស់យើងនឹងក្លាយទៅជាសង្គមមួយដែលគ្មានគ្រឿងញៀន ជាប្រទេសជាតិមួយដែលមានភាពថ្លៃថ្នូរ ពោរពេញទៅដោយធនធានមនុស្សធ្វើការអភិវឌ្ឍបានកាន់តែរីកចម្រើន ៕

ដោយ ទិត ស្រ៊