សម្ដេចតេជោ៖ ការពិភាក្សារវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ​ដែលចូល​រួម​បោះ​ឆ្នោត​គឺដើម្បីបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់»

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨–​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​​ថា ការជួបជុំរវាងរាជរដ្ឋាភិបាល និងបណ្ដាគណបក្សនយោបាយដែលចូលរួមការ​បោះ​ឆ្នោ​ត​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នោះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ​​យោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួម​ប្រ​កួត​​ប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។

​នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​បានសរសេរថា នៅថ្ងៃស្អែកទី២១ ខែសីហា នេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូប​អាហា​រសា​មគ្គី​ជា​មួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួប​ជុំ​បង​ប្អូន​នៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវា​ង​រាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុង​ការ​បោះ​ឆ្នោតកន្លងមកនេះ។

ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវ​ផល​ប្រ​យោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឱ្យឃើញថាយើង​រួ​ប​រួមគ្នាជា​កម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ធិ
ប្រជាធិបតេយ្យ​។

សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ដែលចូលរួមថែរក្សាសន្តិ​ភា​​ព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងប្រទេសឱ្យកាន់តែរីកចម្រើន៕

ដោយ​ជឹម ណារី