ខេត្ត An Giang ស្នើឱ្យមានការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីវៀតណាម លោក Tran Dai Quang បានអំពាវនាវដល់អាជ្ញាធរខេត្ត An Giang ឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនគុណភាពផែនការហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការរៀបចំទីក្រុង ព្រមទាំងប្រមូលផ្តុំ និងប្រើប្រាស់ប្រភពធនធានដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស។
នៅក្នុងកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំខេត្តកាលពីថ្ងៃទី១៩ ខែសីហា ប្រធានាធីបតីវៀតណាម លោក Quang បានស្នើឱ្យខេត្តនេះយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពន្លឿនការធ្វើកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ និងលើកកម្ពស់ការអនុវត្តវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។

លោកក៏បានស្នើសុំឱ្យខេត្ត An Giang ធ្វើការវិនិយោគបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធសួនឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើតទំនាក់ទំនងតភ្ជាប់នៅក្នុងតំបន់ និងពន្លឿនការកសាងតំបន់ជនបទបែបថ្មី។

ថ្នាក់ដឹកនាំរដ្ឋរូបនេះបានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ខេត្ត An Giang ក្នុងការកែទម្រង់គំរូកសិកម្មរបស់ខ្លួន ផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្ម លើកកម្ពស់ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើតគោលនយោបាយលើកទឹកចិត្តក្រុមហ៊ុនអាជីវកម្មវិនិយោគលើវិស័យថែរក្សា និងកែច្នៃកសិផល ដើម្បីឆ្ពោះទៅរកការបង្កើតផលិតផលកសិកម្មដែលមានតម្លៃខ្ពស់។

ប្រធានាធិបតីវៀតណាម លោក Quang បានស្នើឱ្យខេត្ត An Giang អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវដំណោះស្រាយរបស់ការិយាល័យនយោបាយអំពីកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចឈានមុខគេ ដោយអំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងជំរុញសក្តានុពលទេសចរណ៍ និងទេសភាពរបស់ខេត្ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)