ហ្វីលីពីននឹងចូលរួមល្បែងសង្គ្រាមកងនាវាចររបស់អូស្ត្រាលី

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — កងនាវាចរហ្វីលីពីនបាននិយាយពីថ្ងៃអាទិត្យនេះថា ខ្លួននិងបញ្ជូនទាហានមួយក្រុមមានគ្នា៣០០ នាក់ ឱ្យចូលរួមល្បែងសង្គ្រាមកងនាវាចរពហុភាគីយ៉ាងសំខាន់របស់ប្រទេសអូស្រ្តាលី គឺ Exercisekakadu ២០១៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៥ខែកញ្ញា ។
អ្នកនាំពាក្យកងនាវាចរហ្វីលីពីនមេបញ្ជាការ លោក Jonathan Zata បាននិយាយថា នាវានៃកងនាវាចរហ្វីលីពីនមួយគ្រឿង បានគ្រោងនឹងចេញដំណើរនៅថ្ងៃចន្ទនេះទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចម្លងពួកនាវិករបស់ខ្លួនដែលទៅចូលរួមក្នុងសមយុទ្ធសមុទ្រនេះ ។ សមយុទ្ធ kakadu ២០១៨ គឺជាដំណើរសមយុទ្ធលើកទី១៤ ដែលធ្វើជាម្ចាស់ផ្ទះរាល់ពីរឆ្នាំម្តង ដោយកងនាវាចរភូមិន្ទអូស្ត្រាលី ។

លោក Zata បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានិងតំណាងនូវឱកាសមួយសម្រាប់ កងនាវាចរ ដែលគេបានអញ្ជើញឱ្យចូលរួមនៅក្នុងសកម្មភាពសមុទ្រពហុជាតិ ក្នុងលក្ខណៈមួយ ដែលនឹង ជំរុញនូវកម្រិតឱ្យកាន់តែធំឡើងនៃកិច្ចសហប្រតិបត្តិការយោធា ព្រមទាំងការយោគយល់គ្នាក្នុងចំណោម ប្រទេសនានា ។

លោក Zata បាននិយាយថា ពួកអ្នកចូលរួមនឹងធ្វើសកម្មភាពកងនាវាចរដ៏ធំទូលាយមួយ ដែលរួម មានជំនួយមនុស្សធម៌នឹងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងប្រតិបត្តិការការរុករកនិងជួយសង្គ្រោះ ។ កាលពីក្នុងខែមិថុនា កងនាវាចរហ្វីលីពីន បានបញ្ជូលនាវាកងនាវាមួយគ្រឿង ព្រមទាំងទាហាន មួយក្រុមមានគ្នា៧០០នាក់ឱ្យទៅចូលរួមនៅក្នុងសមុទ្រ Rim of the Pacific ដែលអាម៉េរិករៀបចំឡើងជា សមយុទ្ធសមុទ្រអន្តរជាតិដ៏ធំបំផុតដែលធ្វើឡើងនៅកោះហាវ៉ៃ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )