រដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ង់ប្តេជ្ញាអភិវឌ្ឍន៍កម្លាំងមីស៊ីលធ្វើឱ្យញញើត

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — Press TV រាយការណ៍ពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ង់បានទុកការអភិវឌ្ឍន៍កម្លាំង មីស៊ីល ដែលធ្វើឱ្យញញើតធ្វើជាអាទិភាពកំពូលរបស់ប្រទេស ។
រដ្ឋមន្ត្រីលោក អាមៀរ ហាតាមី (​Anir Hatami ) បានសាទរដល់ស្នាដៃយោធារបស់ប្រទេសនេះ​ព្រមទាំងបានប្តេជ្ញាបន្តបង្កើនសមត្ថភាពមីស៊ីល ។


លោក ហាតាមី បាននិយាយថា ការផ្តោតរបស់យើងបានធ្វើឡើងទៅលើអាទិភាពនានា ដែលអាទិភាពកំពូលនោះ គឺបញ្ហាមីស៊ីល ។ យើងស្ថិតនៅក្នុងជំហរយ៉ាងល្អមួយ ក្នុងវិស័យនេះ ប៉ុន្តែ​ចាំបាច់យើងត្រូវធ្វើការអភិវឌ្ឍន៍វិស័យនេះ ។

លោកបាននិយាយថែមទៀតទៅដល់ការប្រកាសឱ្យដឹងកាលពីពេលថ្មីៗ នូវមីស៊ីល Fateh Mobin ដែលបាននាំផ្លូវយ៉ាងច្បាស់លាស់ដោយសង្កត់ធ្ងន់ថា មីស៊ីលអ៊ីរ៉ង់​គឺល្អនៅក្នុងភាពផ្សេងៗពីគ្នា ដូច្នេះហើយការយកចិត្តទុកដាក់បំផុតត្រូវបានគេធ្វើទៅលើភាពរហ័សរហួនរបស់វា , សមត្ថភាពប្រឆាំងនឹងរ៉ាដា , ភាពច្បាស់លាស់ខ្ពស់ ព្រមទាំងនិរន្តភាពនៅក្នុងស្ថានភាពបរិយាកាសផ្សេងៗ ។

លោក ហាតាមី បានគូសបញ្ជាក់ថា យើងមិនដែលស្វែងរកហើយ នឹងមិនស្វែងរកអាវុធប្រល័យលោក និងអាវុធនុយក្លេអ៊ែរ​ឡើយដោយសារតែជំនឿខាងសាសនារបស់យើង ។ នៅពេលជាមួយគ្នានោះដែរលោកបានប្រកាសថា អ៊ីរ៉ង់មានផែនការប្រាប់ឱ្យដឹងនូវយន្តហោះប្រយុទ្ធថ្មីមួយនៅថ្ងៃពុធ ក្នុងឱកាសនៃទិនាឧស្សាហកម្មការពាររបស់អ៊ីរ៉ង់ ។

លោកបានសង្កត់ធ្ងន់ថា យើងនឹងមិនបោះបង់ចោលកិច្ចប្រឹងប្រែង ដើម្បីរក្សាទុកនូវកម្លាំងការពារ​ព្រមទាំងធ្វើការអភិវឌ្ឍកម្លាំងនេះទេ យើងគ្មានមធ្យោបាយដទៃទៀតទេ ពីព្រោះពួកសត្រូវចង់ដកហូត គ្រឿងសព្វាវុធយើង ។
អ៊ីរ៉ង់បានបដិសេធការព្រួយបារម្ភរបស់លោកខាងលិចលើកម្មវិធីមីស៊ីល ផ្លោងរបស់ខ្លួននេះ ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅមុននេះថា កម្មវិធីមីស៊ីលរបស់សាធារណរដ្ឋ អ៊ីស្លាមនេះ គឺធម្មតា និងការពារទាំងស្រុង ហើយអ៊ីរ៉ង់ដែលដូចបណ្តាប្រទេសឯករាជ្យទាំងអស់នៅលើពិភពលោកមានសិទ្ធិមានកម្មវិធីការពារធម្មតាទាំងអស់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )