អភិបាលខេត្តព្រះសីហនុ បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែ សីហា ​ឆ្នាំ២០១៨ –ព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ  ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ។
     

ឯកឧត្តម យន្ត មីន មានប្រសាសន៍សំណេះសំណាល និងលើកទឹកចិត្តដល់សិស្សា នុសិស្សប្រឡងដោយគូសបញ្ជាក់ថា ក្មួយៗត្រូវយកចិត្តទុកដាក់ប្រឡងរយ:ពេល០២ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា រក្សានូវបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រសិនបើសិស្សប្រឡងបាននិទ្ទេស A និងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមទៀត មានដូចជាម៉ូតូ ជាដើម ។ ឯកឧត្តមសង្ឃឹមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨នេះ  នឹងទទួលបាននិទ្ទេសA ច្រើនជាងឆ្នាំកន្លងមកជាក់ជាមិនខាន ។ 

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០១៧- ២០១៨នេះ ប្រព្រឹត្តទៅរយ:ពេល០២ថ្ងៃ គឺថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨សម្រាប់ខេត្តព្រះសីហនុ មានបេក្ខជនបេក្ខនារីចូលរួមប្រឡងចំនួន១.៧២០នាក់ក្នុងនោះមានបេក្ខនារីចំនួន៨១៣នាក់

លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានបន្តឱ្យដឹងទៀតថា  ការប្រឡងនេះមានចំនួន ០៥មណ្ឌល ស្មើនឹង ៧២បន្ទប់ ក្នុងនោះមានមណ្ឌលប្រឡងមុខវិជ្ជា វិទ្យាសាស្ត្រ ០២មណ្ឌល និងវិទ្យាសាស្ត្រសង្គម ០៣មណ្ឌល ។ ដោយឡែកក្រុងព្រះសីហនុ មាន ០៣មណ្ឌល គឺ ១-មណ្ឌលសាលាបឋមសិក្សាផ្សារលើ,២-មណ្ឌលអនុវិទ្យាល័យសម្តេចឪ៣-មណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ និង នៅស្រុកព្រៃនប់មាន ០២មណ្ឌល គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខាងត្បូង និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខាងជើង ។
    

នៅក្នុងថ្ងៃប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានរឹតបន្តឹងដោយសមត្ថកិច្ចមាន មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត  មន្ត្រីកងរាជអាវុធហត្ថ  អ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ១០នាក់ និងអ្នកស្មគ្រ័ចិត្តសង្កេតការណ៍មកពីសមាគមផ្សេងទៀតចំនួន ៨៧នាក់ ចូលរួមសង្កេតការណ៍ដោយរឹតបន្តឹងឆែកឆេរ មិនអនុញ្ញឱ្យបេក្ខជន បេក្ខនារីលួចលាក់នាំយកសំណៅសរសេរចូលទៅក្នុងមណ្ឌលប្រឡងនីមួយៗបានឡើយ ។ 
   

សូមរម្លឹកថា ក្នុងឆ្នាំសិក្សា២០១៦-២០១៧ សម័យប្រឡងថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជន បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១.៦៩៣នាក់ លទ្ធផលប្រឡងជាប់ ១.២២៦នាក់ ក្នុងនោះស្រី ៦១២នាក់ ស្មើនឹង ៧៣,២៨ភាគរយ លើលទ្ធផលរួមទូទាំងប្រទេស ៦៣,៨៤ភាគរយ  ។ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ០៩នាក់ ស្រី ០១នាក់ ក្នុងនោះវិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេសA ចំនួន ០៧នាក់ ស្រី ០១នាក់  និទ្ទេសB ចំនួន ៩៥នាក់ និទ្ទេស C ១១៤នាក់ និទ្ទេសD ១៨៤នាក់ និង និទ្ទេស E ៨៧៤នាក់ 

ដោយ ងូ សុមុនី