ពិធីស្រោចស្រពព្រះសុគន្ធវារី​ និងប្រកាសតែងតាំងព្រះគ្រូ ស្រ៊ាង ម៉ុក ជាព្រះគ្រូ អនុគណស្រុកកងមាស ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃសៅរ៍ ៧ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ​ឆ្នាំ​២​០១៨នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី​ ប្រកាសគោរមងារប្រគេនព្រះគ្រូ ស្រ៊ាង ម៉ុក ឡើងទៅជា ព្រះគ្រូអនុគណស្រុកកងមាសនៅវត្តកែវមុនី ក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

ពីធីនេះធ្វើឡើង ក្រោមព្រះធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយករង ទី២ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៏របស់លោក មឿង ផា អភិបាលស្រុកកងមាស បានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងស្រុកកងមាស មានវត្តចំនួន ៣៤វត្ត ក្នុងនោះវត្តគណៈធម្មយុត្តមានចំនួន ២វត្ត ព្រះសង្ឃចំនួន ៥០៨អង្គ ភិក្ខុ ចំនួន ៩៨អង្គ និងសាមណេររេ ៤១០អង្គ ។

ដោយមានការរីកចម្រើនផ្នែកពុទ្ធិចក្រ នាថ្ងៃនេះពិធីស្រោចស្រពព្រះសុគន្ធវារី​ ប្រកាសគោរមងារប្រគេនព្រះគ្រូ ស្រ៊ាង ម៉ុក ឡើងទៅជា ព្រះគ្រូអនុគណស្រុកកងមាសនៅវត្តកែវមុនី ក្នុងឃុំអង្គរបាន ស្រុកកងមាស បានធ្វើឡើងដើម្បីត្រូវការនៃការគ្រប់គ្រង ផ្នែកសាសនា។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅប្រទេសកម្ពុជាយើងកំពុងជួបគ្រោះ ទឹកជំនន់ ដោយសារតែ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់កម្ពុជាយើង អាស្រ័យហេតុនេះការប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជារដូវទឹកតម្លើងនេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ឲ្យបានខ្ពស់ការរស់នៅត្រូវប្រុងប្រយត្ន័ត្រូវត្រៀមនូវទីទួលសុវត្ថិភាព​ ឧបករណ៍ជួយសង្គ្រោះ​ និងព្យាបាលដូចជាថ្នាំសង្កូវ​សត្វទិចឬខាំ នៅតាមមន្ទីរពេទ្យ​ ទូក​ កាណូត​ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលងាយនឹងរងគ្រោះក្នុងរដូវទឹកឡើងនេះ​ ហើយអាជ្ញាធរតាមមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយអំពីស្ថានភាពទឹកទន្លេហក់ឡើង​។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព​ សុវត្ថិភាព​ សេ្ថរភាពគ្រប់ទីកន្លែង​ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ​ ននិងអាណាចក្រ ព្រមទាំងលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសន៍របស់រដ្ឋ ។

ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៏ទៀតថា ចំពោះទីវត្តអារាមមិនត្រឹមតែបំរើលើវិស័យព្រះពុទ្ធសាសនា​ ជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ​ គឺជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណី​ និងជាថ្នាលបណ្តុះបណ្ដាលធនធានមនុស្ស​តាមកន្លងធម៍ ដែលជាកន្លែងបណ្ណាល័យផ្ទុកនូវអក្សរសាស្រ្តជាតិ អរិយធម៌ វប្បធម៌ខ្មែរតាំងពីដូនតាមក ។ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើង មានស្ថេរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍផងដែរ។