សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋមិនឱ្យខកបំណងឡើយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ –បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រហស្តលេខាលើព្រះរាជក្រឹត្យត្រាស់ បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៦ (២០១៨-២០២៣)នោះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ មិនឱ្យខក បំណង និងបន្ត ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់ តែរីកចម្រើនទៅមុខ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា អរគុណ បងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ នៅក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានព្រះរាជទានត្រាស់បង្គាប់ចាត់ តាំងខ្ញុំជា នាយករដ្ឋមន្រ្តី នៃកម្ពុជាសម្រាប់អាណត្តិទី៦ (២០១៨-២០២៣)។ សម្ដេចបានបន្ដថា “ខ្ញុំប្តេជ្ញាបម្រើ បងប្អូនប្រជាពលរដ្ឋមិន ឱ្យខក បំណងឡើយ ហើយនឹងបន្តខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់ តែរីក ចម្រើនទៅមុខ”។

សម្ដេចតេជោបានបន្ថែមថា បងប្អូនត្រូវចងចាំថាគណបក្សប្រជាជនកម្ពុជា គឺជារបស់យើងទាំងអស់គ្នា ហើយជ័យ ជម្នះរបស់គណបក្សប្រជាជន គឺជាជោគជ័យរួមរបស់ កម្ពុជាទាំងមូល។

សម្ដេចតេជោបានជូនពរបងប្អូនបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅ ថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ក្រោយពីត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់អាណត្តិទី៦ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ បានផ្ញើសារលិខិតថ្វាយនូវការថ្លែងអំណរគុណ ដល់ព្រះមហាក្សត្រចំពោះព្រះរាជទាន ការចាត់តាំងនេះ។

បើយោងតាមសារលិខិតថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់ សម្តេច តេជោ បានបញ្ជាក់ថា “ទូលព្រះ បង្គំជាខ្ញុំ សូមព្រះបរមរាជាអនុញ្ញាត ថ្លែងនូវអំណរព្រះមហាករុណា ទិគុណជាអនេកកប្បការ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជក្រឹត្យចាត់តាំងទូល ព្រះបង្គំជាខ្ញុំ ជានាយករដ្ឋមន្រ្តីកម្ពុជា”។ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចតេជោ នឹងរៀបចំសមាភាពរាជរដ្ឋាភិបាល បញ្ជូនទៅ ព្រឹទ្ធសភា នៃរដ្ឋសភា នីតិកាលទី៦ ដើម្បីសុំការផ្តល់ សេចក្តីទុកចិត្ត ពីសមាជិក សមាជិកា នៃរដ្ឋសភា ដែលនឹងប្រជុំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ តាមរយៈលិខិត សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចនឹងខិតខំ យកអស់កម្លាំងកាយចិត្ត និងស្មារតី ដើម្បីបំពេញភារកិច្ច ដ៏វិសេស វិសាល និងឧត្តុងឧត្តម ដែលព្រះករុណាជាអម្ចាស់ទ្រង់បានព្រះរាជទានដល់ សម្តេច៕

ដោយ ជឹម ណារី