ឯកអគ្គរដ្ឋទូតឡាវសម្ដែងនូវការសោកស្ដាយចំពោះផលប៉ះពាល់របស់ប្រជាជនកម្ពុជាដែលបណ្ដាលមកពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨–ឯកឧត្ដម Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដែលបញ្ចប់​អាណត្តិ​បេ​សក​កម្ម​ការទូត បានមានប្រសាសន៍ សម្ដែងនូវការសោកស្ដាយចំពោះផលប៉ះពាល់របស់ប្រ​ជា​ជន​កម្ពុ​ជាដែលបណ្ដាលមកពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវកាលពីពេលថ្មីៗ​កន្លងមក​នោះ​។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ប្រាប់​អ្នក​យកព័ត៌មាន​ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវ​ប្រចាំ​កម្ពុ​ជា​ ដែលបញ្ចប់​អាណត្តិ​បេ​សក​កម្ម​ការទូតចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹ​ក​ថ្ងៃសុក្រ ៦កើត ខែស្រាព​ណ៍​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៧ ខែសី​ហា​ ឆ្នាំ​២០​១៨ នៅវិមានសន្តិភាព។

ឯក​ឧត្តម ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែល​បានផ្ដល់​​ប្រាក់​ជំនួយ​មនុស្សធម៌ដល់ប្រទេសឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅប្រទេស​ឡាវ​កន្ល​ង​​មកនេះ។

លើសពីនេះទៅទៀត ឯកឧត្ដមក៏បានសម្តែងនូវការអបអរសាទរ ចំពោះ​លទ្ធផល​នៃការបោះ​ឆ្នោត នៅប្រទេសកម្ពុជានាពេលកន្លងមក ហើយដែលក្នុងការបោះឆ្នោតនោះ ឯក​ឧត្ដ​មក៏បានធ្វើជាអ្នកសង្កេតការណ៍ និងបានឃើញច្បាស់ថាការបោះឆ្នោតនោះ មានតម្លាភាព និង​ការរៀបចំល្អ។

ក្នុងន័យនេះ ឯកឧត្ដមសូមបានសម្តែងការអបអរសាទរ ជូនដល់​រាជរដ្ឋា​ភិ​បា​​លកម្ពុជាដោយក្តីគោរព។

ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោ អំពីបេសកកម្មរបស់ ឯកឧត្ដម ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ឯកឧត្ដមបានឃើញ នូវការអភិវឌ្ឍរបស់​ប្រទេ​ស​កម្ពុ​ជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និង​មាន​ការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានភាពលេចធ្លោតែម្តង។

ឯកឧត្ដម ក៏​បាន​ជម្រាបជូន សម្តេចតេជោផងដែរ អំពីទំហំពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរដែលកន្លង​មក​នេះ មានការកើនឡើង១ជា២ គឺពី១០លានដុល្លារ ទៅ២៤លាន ដុល្លារអាម៉េរិកនៅឆ្នាំ​២០១​៨​នេះ​។

ជាការឆ្លើយតប សម្តេច​តេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះ​ឯក​ឧត្ដមឯកអគ្គរដ្ឋទូតឡាវ ដែលបានខិតខំប្រឹងប្រែងចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព រវា​​ងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរ។ សម្តេចតេជោ​ ក៏បានសម្ដែងនូវ​ការ​ចូលរួមសោកស្តាយ និងមរណៈទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះរបស់ឡាវ ដែលបានស្លាប់​ ដោយ​សា​រ​គ្រោះទឹកជំនន់ដែលបណ្ដាលមកពីការបាក់ទំនប់វារីអគ្គិសនីកន្លងមក ដោយ​សម្ដេ​ច​​បានបញ្ជាក់ថា គ្រោះមហន្តរាយនេះគឺជាអ្វីដែលមិនបានគ្រោងទុក ហើយ​អ្វី​ដែលជាជំនួយ​របស់​កម្ពុជានោះ គឺជាសណ្ដានចិត្តរបស់កម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា ថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ដម Prasith Sayasith ដែលបានអបអរសាទរ ចំពោះ​ល​ទ្ធ​​ផលនៃការបោះឆ្នោត និងបានចូលរួម សង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតនេះ។ សម្តេ​ច​បាន​មានប្រសាសន៍បន្ថែមថា ជាការពិតទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមាន​ការ​កើនឡើងទ្វេដង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ទំហំពាណិជ្ជកម្មនេះ មិនទាន់មាន​ការ​សម​ស្រ​បទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំឱ្យមា​ន​​ការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕

ដោយ ជឹម ណារី