រកឃើញម្ចាស់ជើងឯកកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨–ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨​ បានប្រកាសបិទ​ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីគណៈកម្មការបច្ចេកទេស រកឃើញម្ចាស់ជ័យលាភីលើ៤វិញ្ញាសារួចរាល់ហើយនោះ។

ថ្លែងនៅក្នុងឱកាសបិទការប្រកួតនេះ, ឯកឧត្តម សាមឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំសូមវាយតម្លៃខ្ពស់ ចំពោះកីឡាករ កីឡាការិនីទាំងអស់ និងសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជាដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីសម្រិតសម្រាំងបាននូវធនធានអត្ត ពលិកប្រកបដោយគុណភាពខ្ពស់ នាពេលនេះ។

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជាក់ដែរថា ការ ខិតខំរៀបចំបច្ចេកទេស រហូតដល់បញ្ចប់រកឃើញម្ចាស់ជ័យលាភីនាពេលនេះ គឺជាជំហាថ្មី មួយទៀត ក្នុងការបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនីទាញព្រ័ត្រថ្នាក់ជាតិ ទាំងអស់ឱ្យ កាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេស គឺជោគជ័យនាពេលនេះគឺជាការរួមសហការគ្នា និងគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង បណ្តាក្រុមហ៊ុននានាដែល បានស្ម័គ្រចិត្តចូលរួមរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងផងដែរ។

យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសបានឱ្យដឹងថា ជ័យលាភីលើ វិញ្ញាសា ៨នាក់ ទល់៨ នាក់ ៦០០គីឡូក្រាម ពានរង្វាន់សមាគម ផ្នែកបុរស ចំណាត់ថ្នាក់ លេខ១ បានទៅលើក្រុមកីឡាករមកពីមន្ទីរ អបរំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ចំណាត់ថ្នាក់ លេខ២ បានទៅលើក្រុមមន្ទីរអប់រំខេត្តក្រចេះ និងលេខ៣ បានទៅលើក្រុមមន្ទីរអប់រំ ខេត្តកំពត ខណៈផ្នែកនារីលេខ១ បានទៅលើក្រុមខេត្តព្រះវិហារ លេខ២ បានទៅលើ ក្រុម ក្រសួងមហាផ្ទៃ និងលេខ៣ បានទៅលើកីឡាការិនីខេត្តកំពង់ឆ្នាំង។

ចំពោះជ័យលាភី លើ វិញ្ញាសាពានធំផ្នែកបុរស លេខ១ ខេត្តបាត់ដំបង លេខ២ ខេត្តកណ្តាល លេខ៣ ក្រសួង មហាផ្ទៃ និងលេខ៤ ខេត្តព្រះវិហារ ខណៈផ្នែកនារី លេខ១ បានទៅលើក្រុមកីឡាការិនី ក្រសួងការពារជាតិ, លេខ ២ ខេត្តកណ្តាល, លេខ៣ ខេត្តស្វាយរៀង និងលេខ៤ ខេត្តកំពត៕​


ដោយ ហេង ណាលីន