វៀតណាមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអូស្រ្តាលី ក្នុងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៦ ខែសីហា ប្រធានគណៈកម្មការសេដ្ឋកិច្ច នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Van Binh បាននិយាយថា ប្រទេសវៀតណាមចង់សហការជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ ជាពិសេសសប្រទេសអូស្រ្តាលី ទាក់ទងនឹងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ក្នុងពិធីស្វាគមន៍ទទួលឯកអគ្គរដ្ឋទូតអូស្រ្តាលីសម្រាប់កិច្ចការបរិស្ថាន លោក Patrick Suckling នៅទីក្រុងហាណូយ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមយកចិត្តទុកដាក់ដល់កិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

លោក Binh បាននិយាយថា ប្រទេសវៀតណាមបានដឹងអំពីហានិភ័យ និងបញ្ហាប្រឈមដែល បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដោយលោកបានកត់សម្គាល់ថា ប្រទេសវៀតណាមបានដើរ តួនាទីជាសមាជិកស្ថាបនាក្របខ័ណ្ឌសកលលោក ដូចជារបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីអំពីបម្រែបម្រួលអាកាសធាតុ។

លោកបាននិយាយបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ វៀតណាមបានចេញគោលនយោបាយ និងគោលការណ៍ណែនាំ ដើម្បីដោះស្រាយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

មន្ត្រីរូបនេះបាននិយាយថា ប្រទេសវៀតណាមកំពុងធ្វើការងារដើម្បីចម្រាញ់ប្រភពថាមពល កែលម្អមាតិកានៃថាមពលកកើតឡើងវិញ និងថាមពលថ្មី ឆ្ពោះទៅរកនិរន្តភាពកាន់តែច្រើន និងធានាសន្តិសុខថាមពល ដែលរួមចំណែកដល់កិច្ចការពារបរិស្ថាន ព្រមទាំងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ចំពោះប្រទេសអូស្រា្តលី លោក Patrick Suckling បានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាការរីកចម្រើនដែលបានធ្វើនៅក្នុង ភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀតណាម និងអូស្ត្រាលី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)