វាយប្រហារពីអាកាសសម្លាប់ពួកសកម្មប្រយុទ្ធ៣១នាក់នៅអាហ្វហ្កានីស្ថានភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — មេប៉ូលិសខេត្ត លោក ម៉ូហាម៉ាដ មូស្តាហ្គាម៉ាយ៉ារ បាននិយាយថា ពួកសកម្មប្រយុទ្ធរហូតដល់ ៣១នាក់ស្លាប់នៅពេលដែលកងកម្លាំងអាកាសអាហ្វហ្កានីស្ថាន ចេញទៅវាយប្រហារកន្លែងលាក់ខ្លួនរបស់ពួកតាលីបង់នៅក្នុងផ្នែកជាច្រើននៃខេត្តហ្សាប៊ុលនៅភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍នេះ ។
តាមមន្ត្រីនោះឱ្យដឹងថា ដោយធ្វើសកម្មភាពតាមសេចក្តីរាយការណ៍ចារកម្មនោះ យន្តហោះយោធា បានវាយប្រហារកន្លែងលាក់ខ្លួនពួកតាលីបង់នៅ Shinkai ,Nawbahar,Rohani Baba នឹងផ្នែកដទៃទៀតនៃខេត្តហ្សាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ដែលសម្លាប់ពួកសកម្មប្រយុទ្ធ​៣១នាក់ នឹងធ្វើឱ្យរបួសច្រើននាក់ទៀត។

ពួកសកម្មប្រយុទ្ធតាលីបង់ដែលបានបង្កើនសកម្មភាព ប្រឆាំងនឹងរដ្ឋាភិបាលក្នុងពេល២ខែកន្លង ទៅ ព្រមទាំងកាលពីពេលថ្មីៗនេះបានប៉ុនប៉ងគ្រប់គ្រងធានីខេត្តការឡាតនោះមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយស្តីពីសេចក្តីរាយការណ៍នេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)