ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសពីការមកដល់ពួកធម្មយាត្រាបរទេសជាង១,៦លាននាក់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃព្រហស្បតិ៍នេះ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីការមកដល់នៃធម្មយាត្រាជាង ១,៦ លាននាក់ ពីប្រទេសនៅលើពិភពលោក ដើម្បីធ្វើពិធីបុណ្យហាជ ( Hajj ) ក្នុងរាជាណាចក្រនេះ ។

លោក ស៊ូ ឡេម៉ាន អាល់យ៉ាយ៉ា ( Sulaiman Al Yahya ) អគ្គលេខាធិការលិខិតឆ្លង ដែនបានប្រាប់ សន្និសីទសារព័ត៌មានមួយដែលផ្សាយដោយទូរទស្សន៍ក្នុងស្រុក Al Khbariya ថា ជោគជ័យនៃការទទួលធម្មយាត្រាបរទេស គឺជាលទ្ធផលមួយនៃការសម្របសម្រួលគ្នារវាងពួកអាជ្ញាធរ ដែលមានជាប់ពាក់ព័ន្ធ ។

នៅពេលជាមួយគ្នានោះដែរ លោកបាននិយាយថា ពួកធម្មយាត្រាក្នុងស្រុកជាង ២៣៣.០០០នាក់ បានមកដល់ទីក្រុងម៉ិចកាដ៏ពិសិដ្ឋនេះ ដោយសង្ឃឹមថា មានច្រើននាក់ទៀតនឹងមកដល់ ។

លោក យ៉ាយ៉ា ក៏បានព្រមានផងដែរពីការធ្វើធម្មយាត្រាខុសច្បាប់ដោយនិយាយថា គេនឹងប្រកាន់ យកសកម្មភាពតាមផ្លូវទៅលើបុគ្គល១៨នាក់ ពីបទដឹកជញ្ជូនពួកធម្មយាត្រាដោយគ្មានការអនុញ្ញាត។

ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាន់យកជំហានយ៉ាងស្វិតស្វាញ ដើម្បីការពារមិនឱ្យមានការចូល របស់ពួកធម្មយាត្រាដោយគ្មានការអនុញ្ញាត ក្នុងការបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់អកុសលដោយសារតែ តំបន់នៅម៉ិចកា មានមនុស្សណែនណាន់តាន់តាប់ ជាពិសេសនៅឯកន្លែងធ្វើពិធីខាងសាសនា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )