ក្រសួងបរិស្ថាន និងក្រសួងអប់រំ រៀបចំធ្វើសិក្ខាសាលាស្តីពី ការបង្រៀនសាកល្បងមេរៀន និងផ្ទាំងរូបភាពស្តីពីការប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ -នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា នៃក្រសួងអប់រំ​ យុវជន និងកីឡា នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ដល់១៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំធ្វើសិក្ខាសាលាស្តីពី« ការបង្រៀនសាកល្បងមេរៀន និងផ្ទាំងរូបភាពស្តីពីការប្រែប្រួលអាកាសធាតុ » នៅវិទ្យាល័យកោះកុង ខេត្តកោះកុង។

ក្នុងអត្ថបទព័ត៌មាន ដែលចេញផ្សាយដោយក្រសួងបរិស្ថាន បានឱ្យដឹងបន្តថា សិក្ខាសាលាស្តីពី « ការបង្រៀនសាកល្បងមេរៀន និង ផ្ទាំងរូបភាពស្តីពីការប្រែប្រួលអាកាសធាតុ » នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកោះកុង តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សាមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថានខេត្តកោះកុង លោកគ្រូ អ្នកគ្រូ​ ឯកទេសមុខវិជ្ជាផែនដីវិទ្យា និងភូមិវិទ្យាកម្រិតមធ្យមសិក្សាបឋមភូមិក្នុងខេត្តកោះកុងចំនួន៣០រូប និងសិស្សានុសិស្សមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៧-៨-៩ នៅវិទ្យាល័យកោះកុង ជាច្រើន។

ប្រភពខាងលើបានឱ្យដឹងបន្ថែមថា គោលបំណងនៃសិក្ខាសាលានេះ គឺបង្រៀនសាកល្បងលើមេរៀនទាំង៥ និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះមាន ១-បរិយាកាសលើភពផែនដី, ២- ការប្រែប្រួលអាកាសធាតុ, ៣-ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ៤- បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ, និង៥-ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះទៀត ក្រុមការងារក៏ប្រមូលនូវធាតុចូលថ្មីៗបន្ថែមទៀត ក្នុងការកែលម្អទាំងខ្លឹមសារមេរៀន ក៏ដូចជារូបភាពអប់រំពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីធ្វើឱ្យឯកសារនេះកាន់តែមានភាពល្អប្រសើរ ក្នុងការយកទៅប្រើប្រាស់ និងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាជាតិ៕

ដោយ ពេជ្រ ណារិទ្ធ