កិច្ចប្រជុំក្រុមការងារបេសកកម្មពិនិត្យវាយតម្លៃគ្រោងរបស់ធនាគារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២៨ –តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមប្រជុំជាមួយក្រុមការងារបេសកកម្មពិនិត្យវាយតម្លៃគ្រោង (Project Appraisal Mission) របស់ធនាគារពិភពលោក ដើម្បីពិនិត្យវាយតម្លៃ និងបញ្ចប់ឯកសារគម្រោង ស្តីពីពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា (Cambodia Agricultural Sector Diversification Project) និងលើកទិសដៅសម្រាប់អនុវត្តន៍បន្តនាពេលអនាគត

ឯកឧត្តម ទី សុគន្ធ បានស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ និងថ្លែងអំណរគុណ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ World Bank មន្រ្តីជំនាញក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានសហការ និងជួយកសាងឯកសារគម្រោងនេះ។

ឯកឧត្តមបានបន្តទៀតថា កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៤ ដែលចាប់តាំងពីខែសីហា ឆ្នាំ២០១៧ គឺប្រជុំជាមួយក្រុមបេសកកម្មកំណត់អត្តសញ្ញាណគម្រោង ប្រជុំជាមួយក្រុមបេស កកម្មរៀបចំគ្រោង ក្រុមបេសកកម្មរៀបចំបច្ចេកទេស និងលើកនេះ ក្រុមបេសកកម្មពិនិត្យវាយតម្លៃឯកសារគម្រោង ដែលជាក្រុមចុងក្រោយ។ ឯកឧត្តបានស្នើដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឯកសារគម្រោងនេះឱ្យគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព។

ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ក៏បានវាយតម្លៃខ្ពស់លើឯកសារគម្រោងនេះ និងបានលើកឡើងថា ការរៀបចំឯកសារគម្រោងនេះគឺធ្វើបានយ៉ាងលឿនក្នុងរយៈពេលតែ១ឆ្នាំ ហើយគម្រោងនេះគឺមានទំហំទឹកប្រាក់ និងវិសាលភាពការងារធំ សម្រាប់ World Bank ក៏ដូចជាសម្រាប់រាជរដ្ឋាភិបាលកម្ពុ ជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកអនុវត្តន៍។ ក្រុមបេសកកម្មពិនិត្យវាយតម្លៃឯកសារគម្រោងបានពិភាក្សាលើគុណភាពគម្រោង បានកែសម្រួលការចំណាយលម្អិត ការធ្វើលទ្ធកម្ម និងបញ្ចូលចំណុចខ្វះខាតមួយចំនួន មុនធ្វើការសម្រេចចិត្តចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងនេះនៅកម្ពុជា។

ចុងបញ្ចប់នៃអង្គពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើក្រុមបេសកកម្មរបស់ធនាគារពិភពលោក មន្ត្រីជំនាញ និងក្រសួងពាក់ព័ន្ធត្រូវព្យាយាមប្រើប្រាស់ធនធានដែលមានស្រាប់ បកប្រែឯកសារគម្រោងឱ្យលឿន បង្កើនល្បឿនចរចា និងបង្កើនល្បឿនចុះកិច្ចព្រមព្រៀងដើម្បីអនុវត្តន៍គម្រោងក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ សេង សុវណ្ណនី